មណ្ឌលគិរី ៖ ថៅកែភោជនីយ៍ដ្ឋាន សាលម៉ុនស៊ូស៊ីបា ម្នាក់កើតមានវិប្បត្តិផ្លូវចិត្ត ដោះមិនចេញ ដោយសារជាប់បំណុលធនាគារច្រើន គិតខ្លីជក់ថ្នាំញៀនអស់២កញ្ចប់ រួចបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន ត្រូវបានបុគ្គលិកប្រទះឃើញស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភោជនីយដ្ឋាន ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។សពមានឈ្មោះ លី សុខធា ភេទប្រុស ជនជាតិខ្មែរ អាយុ៤៥ឆ្នាំ មុខរបរម្ចាស់ភោជនីយ៍ដ្ឋាន សាលម៉ុនស៊ូស៊ីបា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

យោងតាមការបំភ្លឺពីឈ្មោះ កេង ស្រីនិច ភេទស្រី ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅហាងខាងលើ មានទីលំនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នាងបម្រើការងារនៅហាងខាងលើ ដូចបុគ្គលិកផ្សេងទៀត ចប់ម៉ោងការងារ វិលត្រឡប់ទៅផ្ទះវិញ ហើយជារៀងរាល់ល្ងាច ថៅកែហាង តែងតែប្រើនាងឲ្យទៅទិញស្រាបៀABC ចំនួន១០កំប៉ុងឲ្យហើយ ទើបនាងទៅផ្ទះ ហើយនៅវេលាម៉ោង៧យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីទិញស្រាបៀឲ្យជនរងគ្រោះហើយ នាងវិលទៅផ្ទះបាត់ ជនរងគ្រោះបិទទ្វារហូបស្រាម្នាក់ឯងនៅក្នុងហាង លុះរហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ មកធ្វើការងារ ឃើញទ្វារហាងចំហរស្រាប់ ដើរចូលដល់ក្នុងក៏ប្រទះឃើញ ជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ទើបបង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។

តាមសមត្ថកិច្ច ក្រោយពីស៊ើបសួរ ស្រាវជ្រាវ បែកធ្លាយព័ត៌មាន ជនរងគ្រោះជាប់បំណុលធនាគារច្រើន ហើយនៅក្នុងហាងរកឃើញសំបកកំប៉ុងស្រាបៀដែលជនរងគ្រោះហូប និងសំណល់កញ្ចប់គ្រឿងញៀនចំនួន២កញ្ចប់ដែលជនរងគ្រោះជក់ ។បើតាមការសន្និដ្ឋាន ផ្តើមចេញពីវិប្បត្តិផ្លូវចិត្ត ដោះមិនចេញហូបស្រាបៀ និងជក់គ្រឿងញៀនលើសកម្រិត រួចបញ្ចប់ជីវិតខ្លួនឯង ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសក្យវិច័យរួច ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕


អត្ថបទ÷ តាតុងសែនជ័យ

