កណ្តាល ៖ កម្មការនីរោងចក្រម្នាក់កំពុងជិះម៉ូតូទៅធ្វើការ ត្រូវបានជនសង្ស័យតាមពីក្រោយ ធ្វើសកម្មភាពឆក់ខ្សែកមាស បានសម្រេចហើយតែទាក់ដៃចង្កូតដួលទាំងជនសង្ស័យទាំងជនរងគ្រោះ បោះខ្សែកចោល ជនសង្ស័យរត់ឡើងជិះម៉ូតូបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ក្បែរផ្សារបែកចាន ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ស្ត្រីរងគ្រោះឈ្មោះ ចំណាន អាយុ៣០ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅខេត្តតាកែវ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូZOMMER ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1N -3775 ទៅធ្វើការរោងចក្រ ដោយជិះតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JM-6838 តាមពីក្រោយ ហើយធ្វើសកម្មភាពឆក់ខ្សែកមាសទម្ងន់៥ជី បានសម្រេចហើយ តែទាក់ដៃចង្កូតគ្នាដួល ទាំងជនសង្ស័យទាំងជនរងគ្រោះ ធ្វើឲ្យជនសង្ស័យភ័យបោះខ្សែកចោល រត់ហក់ឡើងជិះម៉ូតូបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាពនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ជនរងគ្រោះយកបានខ្សែកមកវិញ ចំណែកម៉ូតូរបស់ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីបន្តការស្រាវជ្រាវ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.