បាត់ដំបង÷ គ្រូបង្រៀនម្នាក់ត្រូវរន្ទះបាញ់របួសធ្ងន់ នៅពេលជិះម៉ូតូកាត់ភ្លៀងទៅបង្រៀនសិស្សនៅសាលាវេលាថ្ងៃត្រង់ ស្ថិតនៅ ត្រង់ចំណុចស្រែវត្តបឹងទំពាំងឬស្សី ក្នុងភូមិចំបក់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នគរបាលជំនាញបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ មានករណីរន្ទះបាញ់កើតឡើងចំនួន២ ទីទាំងផ្សេងគ្នា ដោយករណីទីមួយបានកើតឡើងនៅស្រុកគាស់ក្រឡ នាវេលាម៉ោងប្រមាណជាជាង១២ថ្ងៃត្រង់ ដែលគ្រូបង្រៀនម្នាក់បានជិះម៉ូតូកាត់ភ្លៀងទៅបង្រៀនសិស្ស ហើយត្រូវរន្ទះបាញ់បណ្តាលឲ្យសន្លប់ស្តូកស្តឹង ហើយត្រូវបានប្រជាពលរដ្ឋក្បែរខាងប្រញាប់ប្រញាល់នាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។

ចំពោះករណីទី២កើតឡើងនាវេលាម៉ោងជាង១២:០០នាទីថ្ងៃត្រង់ដូចគ្នា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី៨ ភូមិតាកុក ឃុំនរា ស្រុកសង្កែ រន្ទះបាញ់សត្វគោញីមួយក្បាល ដែលម្ចាស់បានដឹកទៅចងនៅក្បែរដីចម្ការ៕

អត្ថបទ៖ ដំបងក្រញូង

Share.