ឯកឧត្ដម ម៉ម សូណង់ដូ មានឈ្មោះខ្មែរ លាយសំនៀងភាសាជប៉ុន មានឪពុកជាមេធាវី និងជាអ្នកធ្វើនយោបាយមួយរូបនាសម័យអាណានិគម។ ប៉ុន្ដែឪពុកលោក គាំទ្រកងទ័ពជប៉ុនដែលប្រឆាំងអាណានិគមបារាំងលើដីកម្ពុជា។ តាមរយៈការងារជាមួយកងទ័ពជប៉ុននោះហើយ ទើបឪពុកសម្រេចដាក់ឈ្មោះលោក ម៉ម សូណង់ដូ។ គឺពាក្យ«ដូ»នោះតែម្ដងដែលយកលំនាំតាមជប៉ុន។
លោក ម៉ម សូណង់ដូ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកកើតក្នុងគ្រួសារដែលមានជីវភាពមធ្យម និងមានបងប្អូនចំនួន៩នាក់។ លោកបានអះអាងថាគ្រួសារលោកមានឈាមជ័រអ្នកសិល្បៈ ហើយលោកមាននិស្ស័យនេះ រហូតទីបំផុតក៏សម្រេចចិត្តធ្វើដំណើរចាក់ចេញពីកម្ពុជាទៅផ្សងព្រេងរៀនជំនាញសិល្បៈភាពយន្តនៅប្រទេសបារាំង។

នៅឆ្នាំ១៩៦៤ លោកបានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសបារាំង។ ក្រៅពីមូលហេតុដែលមានគ្រួសារជាប់ឈាមជ័រសិល្បៈ លោកអះអាងថាក្ដីប្រាថ្នារបស់លោកក៏កើតមានដោយសារតែប្រទេសកម្ពុជា នាសម័យសង្គមរាស្រ្តនិយមកំពុងចាប់ផ្ដើមផលិតខ្សែភាពយន្ដច្រើន និងថាកាលណោះលោកមិនចាប់អារម្មណ៍រៀងនយោបាយទេ។
ក្នុងកិច្ចសម្ភាសនៃកម្មវិធីតុកញ្ចក់របស់សារព័ត៌មានត្រយង លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា«ខ្សែភាពយន្ដជាសិល្បៈគ្រប់លក្ខណៈ យើងអាចនិយាយផង សម្ដែងផង តែងនិពន្ធបង្កើតរឿងផង កាត់តផង ដូច្នេះជំនាញនេះពិតជាមានប្រយោជន៍»។

លោកបានរៀបរាប់ពីការចាកចេញទៅសិក្សានៅបារាំងថា ជីវិតនៅស្រុកបារាំងមិនងាយស្រួលដូចការគិតឡើយ ប៉ុន្ដែដោយសារការតាំងចិត្ត ការប្ដេជ្ញាចិត្ត បូកផ្សំជាមួយកត្តាផ្សេងៗទៀត ទើបធ្វើឲ្យលោករឹងមាំ អាចបំពេញបំណងខ្លួនឯងបាន ទោះបីជាត្រូវម្ដាយ និងបងប្អូនឃាត់មិនចង់ឲ្យមករស់នៅក្រៅប្រទេសបែកពីគ្រួសារក៏ដោយ។
នៅពេលមកដល់ប្រទេសបារាំងលោកត្រូវបានគេនិយាយបំភ័យ ជាពិសេសរឿងលុយកាក់ ដោយសារការជួលផ្ទះនៅបារាំងថ្លៃ អាហារក៏ថ្លៃ ប៉ុន្ដែលោកមានការប្ដេជ្ញាចិត្តថា«ខ្ញុំបើចង់ទៅណា គឺទៅនឹងធ្វើឲ្យបានសម្រេច ជម្នះតស៊ូ គ្រប់បែបយ៉ាង»។ លោកថាគំនិតប្ដេជ្ញាចិត្តមុះមុតនេះ លោកមានតាំងពីនៅវ័យកុមារភាពមកម្លេះ។

លោកបានរម្លឹករឿងអន់ចិត្តមួយថា«ពេលមកដល់បារាំងភ្លាមខ្ញុំបានទៅរកបងប្អូនមុនគេ ខំគោះទ្វារផ្ទះគេក្នុងចិត្តគិតថានឹងសប្បាយរីករាយពេលជុំបងប្អូន ផ្ទុយទៅវិញបែរជាឃើញមុខគេស្រពោន ប៉ុន្ដែមិនមែនមានន័យថា ពួកគេស្អប់នោះទេ ព្រោះតែគេមានគ្រួសារ ហើយគេគិតថាយើងអាចជាបន្ទុកមករស់នៅពិបាកជាមួយគេ»។

បន្ទាប់មក លោកបានចាកចេញពីបងប្អូន ហើយចាប់ផ្ដើមដើរផ្សងព្រេង ដោយបន្តថា«ទៅដល់ទីណា គេនៅទីនោះ ញុំាអាហារគ្រប់ប្រភេទ រហូតដល់ពេលមួយ ខ្ញុំចាំរហូត ខ្ញុំយកដបតូចមួយមកឆ្នៃលាយដាក់ទឹកត្រីជ្រលក់នំប័ុងញុំា ប៉ុន្តែការពិបាកទាំងនេះ ធ្វើឲ្យខ្ញុំរឹងមាំ រហូតមកដល់សព្វថ្ងៃ»។
នៅពេលគេសួរថា តើលោកមករៀននៅប្រទេសបារាំងដោយទទួលបានអាហាររូបករណ៍? លោក សូណង់ដូ ឆ្លើយថាមិនមែនដោយសារអាហាររូបករណ៍ទេ និងបន្តថា«ដោយសារកាលនោះខ្ញុំមានមិត្តម្នាក់ស្គាល់ឯកឧត្ដម គូ រុណ ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គេក៏សម្រួលធ្វើ Passport ឲ្យខ្ញុំ ទើបធ្វើឲ្យខ្ញុំមានឱកាសមកស្រុកបារាំង។

បើតាមលោក ម៉ម សូណង់ដូ មានរឿងច្រើនដែលធ្វើឱ្យលោក និងពលរដ្ឋខ្មែរផ្សេងទៀតដែលរត់ទៅស្រុកបារាំង។ ព្រោះបន្ទាប់ពីកម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ ខ្មែរបានសរសេរកិច្ចព្រមព្រៀងជាមួយបារាំង គឺបារាំងគ្មានសិទ្ធិធ្វើការនៅស្រុកខ្មែរ ហើយខ្មែរក៏គ្មានសិទ្ធិទៅធ្វើការនៅស្រុកបារាំង ដូច្នេះហើយបានធ្វើឲ្យលោកពិបាករកការងារធ្វើនៅប្រទេសបារាំង។
លោក សូណង់ដូ បន្ថែមថា ទៅដល់ប្រទេសបារាំង មិនត្រឹមគ្មានសិទ្ធិធ្វើការនោះទេ ថែមទាំងគ្មានសិទ្ធិរស់នៅទៀតផង តែដោយសារលោកជាសិស្សនៅសាកលវិទ្យាល័យលោកអាចឆ្លៀតធ្វើការបាន ប៉ុន្តែជាការងារបែបកូនសិស្ស ធ្វើ១ទៅ២ថ្ងៃ ធ្វើការចប់បើកប្រាក់ខែភ្លាម។ ដូច្នេះហើយ លោកសម្រេចចិត្តធ្វើការផ្លូវងងឹត។
លោកអះថាការងារផ្លូវងងឹត គឺសំដៅលើការធ្វើការលួចលាក់ ដូចជាលាងចាន លីសែង លើកទំនិញនៅស្ថានីយ៍រថភ្លើងជាដើម។ លោកថា«ធ្វើការបានប្រាក់ខែ៥០០ដុល្លារ បើកលុយបានត្រឹម២៥០ដុល្លារ ហើយគេប្រើទាំងយប់ទាំងថ្ងៃ ពិតជាពិបាកមែន មានពេលនោះខ្ញុំលើកទំនិញចេញពីទូររថភ្លើងចំរដូវរងារធ្លាក់ទឹកកក ធ្វើការ១យប់ ឈឺ ១ខែ»។

លោកនៅតែនិយាយថា ការរស់នៅប្រទេសបារាំងរយៈពេល៣០ឆ្នាំ ពិតជាលំបាកណាស់ ប៉ុន្ដែក្រោយមកលោកបានអភិវឌ្ឍន៍ខ្លួនឯងជាមនុស្សមានសមត្ថភាព មានមោទកភាពដែលលោកតស៊ូដោយខ្លួនឯងរហូតមានការងារធ្វើប្រកបដោយវិជ្ជាជីវៈមកដល់សព្វថ្ងៃ។
នៅប្រទេសបារាំង លោកបានចូលរៀននៅសាលាបច្ចេកទេសថតរូប និងខ្សែភាពយន្ដ នៅទីក្រុងប៉ារីស។ លោករៀនបានតែ២ឆ្នាំ ក៏ត្រូវដកខ្លួនវិញប្រហែល១ឆ្នាំ ព្រោះជីវភាពក្រក្សត់ ប៉ុន្ដែក្រោយមកលោកបានប្រឡងចូលរៀនវិញរហូតដល់ចប់៤ឆ្នាំ ហើយចាប់ផ្ដើមធ្វើការងារដោយចៃដន្យ ដោយសារមានក្រុមហ៊ុនមួយខ្វះបុគ្គលិកថត១នាក់ ក៏ហៅលោកធ្វើការសាកល្បង។
លោករម្លឹកថា សំណួរថៅកែក្រុមហ៊ុនដែលសួរមកលោកដំបូង គឺលោកចេះអ្វីខ្លះ? ធ្វើការងារអ្វីបានខ្លះ? បន្ទាប់មកគេក៏ថាមិនខ្វល់ចេះអ្វីទេ សំខាន់គេមានការងារមួយឱ្យធ្វើ បើធ្វើបានគឺយកជាបុគ្គលិក បើមិនបាននេះជាការជួបគ្នាចុងក្រោយ។ សំណួរ និងការបញ្ជាក់ទាំងនោះហើយបានធ្វើឲ្យលោកព្យាយាមមុះមុតក្នុងការងាររហូតបានក្លាយជាបុគ្គលិកពេញសិទ្ធិ និងមានស្នាដៃល្អៗ។
ក្រោយមកមានក្រុមហ៊ុនផ្សេងទៀតពេញចិត្តស្នាដៃ និងចូលចិត្តលោក ហើយគេបានជួលទៅធ្វើការក្រៅម៉ោងជាបន្ដបន្ទាប់។ លោក សូណង់ដូ អះអាងថាការងារក្រៅម៉ោងនោះ គឺលោកធ្វើការ១ម៉ោងទទួលបានប្រាក់ ២,០០០ហ្រ្វង់ ហើយចាប់ផ្ដើមមានលុយច្រើនឡើងៗ ក៏ចាប់ផ្ដើមមានអាជីវកម្មផ្ទាល់ខ្លួន បើហាង Disco ចំនួន២កន្លែង និងមានក្រុមគ្រួសារដ៏មានសុភមង្គលដល់សព្វថ្ងៃ។
ជាចុងក្រោយ លោក ម៉ម សូណង់ដូ បានលើកឡើងថា លោកចូលចិត្តអ្វីដែលមិនបានគ្រោងទុក ដែលខ្មែរថា «ចៃដន្យ» ព្រោះជីវិតរបស់លោក ជួបប្រទះរឿងចៃដន្យជាច្រើន ហើយត្រូវតស៊ូដើម្បីសម្រេចគោលដៅ។ ដើម្បីជ្រាបច្បាស់បន្ថែមទៀត សូមតាមដានទស្សនាកិច្ចសម្ភាសកម្មវិធី តុកញ្ចក់ របស់សារព័ត៌ាមត្រយង តាមតំណរភ្ជាប់ខាងក្រោម៕

