ក្រចេះ៖ មន្ត្រីយោធាដែលបើករថយន្តដេញឃាត់ និងគំរាមអ្នកសារព័ត៌មានរឿងឈូសឆាយដីភ្នំព្រិច ត្រូវបានកងរាជអាវុធហត្ថខេត្តហៅធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់សកម្មភាពឈូសឆាយកាយដីព្រៃភ្នំរបស់រដ្ឋបន្តទៀត។

សូមរំឭកថា  កាលពីសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ មានមន្ត្រីយោធាម្នាក់ដែលមានឈ្មោះ កែវ សំអាន នៅអង្គភាព(គ២) ចំណុះឱ្យវរៈសេនាតូចលេខ១ និងបក្ខពួក២នាក់ទៀតបានធ្វើសកម្មភាពបើករថយន្តពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម តាមគំរាមកំហែង អ្នកសារព័ត៌មាន និងឲ្យលុបរូបភាព និងវីដេអូដែលបានថតគ្រឿងចក្ររបស់ខ្លួន ដែលកំពុងធ្វើសកម្មភាពឈូសឆាយកាយដីភ្នំព្រិច ស្ថិតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះចេញ  និងបានបញ្ជាក់ថា លោកមានលិខិតស្នាមត្រឹមត្រូវគ្រប់គ្រាន់ពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន លើការគ្រប់គ្រងដីភ្នំព្រិចដែលជាសម្បត្តិរដ្ឋនេះផងដែរ។

ក្រោយទទួលបានព័ត៌មានទើបនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក សាម ណាល់ អភិបាលស្រុកស្នួលបានបញ្ជាទៅកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសរុបចំនួន៤នាក់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ផុន ច័ន្ទដា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខបានចុះស្រាវជ្រាវគ្រឿងចក្រកាយដីយកធ្វើកម្មសិទ្ធិ នៅចំណុចជើងភ្នំព្រិច ស្ថិតនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ និងបានទៅលំនៅដ្ឋានឈ្មោះលោក កែវ សំអាន ដោយផ្ទាល់ និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឈូសឆាយកាយដីព្រៃភ្នំរបស់រដ្ឋបន្តទៀត រហូតដល់មានបទបញ្ជាថ្មីពីអាជ្ញាធរដែនដី ទើបអាចធ្វើសកម្មភាពបាន៕​

អត្ថបទ៖សង្គម

អត្ថបទ៖សង្គម

Share.