ភ្នំពេញ ៖ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ផ្ទុះធុងហ្គាស គ្រាដែលជាងជួសជុលម៉ូតូ យកម៉ូទ័រកាត់ធុងហ្គាសស្រាប់តែផ្ទុះដាច់ជាពីរកំណាត់ផ្លោងខ្ទាតត្រូវចំ២នាក់ប្តីប្រពន្ធកំពុងអង្គុយរងចាំប៉ះម៉ូតូ និងរបួសមេជាងជួសជុលម៉ូតូ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះជាងជួសជុលម៉ូតូ តាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ ម្នាក់ឈ្មោះ តូ ឈុនឡេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មេជាងជួសជុលម៉ូតូ ហើយជាម្ចាស់ទីតាំង រងរបួសស្រាលប្រអប់ដៃស្តាំ ចំណែកជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជាអ្នកដំណើរតាមផ្លូវ ប្រពន្ធរបួសធ្ងន់ ប្តីរងរបួសស្រាល ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានអូសម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-6510 បែកកង់ក្រោយ ទៅឲ្យជាងចំណុចខាងលើដើម្បីប៉ះអ៊ុត គ្រាដែលកូនជាងម្នាក់កំពុងគាស់សំបកម៉ូតូប៉ះអ៊ុត មេជាងបានយកម៉ូទ័រ មកកាត់ធុហ្គាសជាពីរ ស្រាប់តែផ្ទុះផ្លោងកំណាត់ធុងទៅត្រូវចំជនរងគ្រោះ កំពុងអង្គុយរងចាំប៉ះកង់ បណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ ប្តីរងរបួស ចំណែកមេជាងរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកមេជាងរបួសស្រាលទៅពេទ្យរុំរបួសខ្លួនឯង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.