សិល្បៈ​ជាតិ​៖​ ថ្មី​ៗនេះ​ លោក​ ម៉ា ច័ន្ទបញ្ញា ​បាន​ប្រកាស​ថា​ លោក​មាន​គម្រោង​ និង​ផែនការ​ជួយ​ដល់​ក្មួយ​ស្រី​ សាពូន តារា​ពិមាន​ ដែល​ជា​កូន​ស្រី​របស់​អ្នកនាង​ សឿ​ សុធា​ និង​លោក ​សាពូន​ មីដាដា​ ក្នុង​ការ​បង្កើត​ស្នាដៃ​ថ្មី​មួយ​។​ ហើយ​តារាចម្រៀង​ប្រុស​រូប​នេះ​ក៏​បាន​បង្ហាញ​រូបភាព​សារ​ឆ្លើយឆ្លង​រវាង​លោក​ជាមួយ​លោក សាពូន​ មីដាដា​ ដោយ​សួរ​នាំ​ពី​ការ​ផលិត​ ប៉ុន្តែ​រឿង​នេះ​បែរ​ជា​បញ្ឆេះ​កំហឹង​អ្នក​លេង​បណ្ដាញ​សង្គម​ឱ្យ​ស្អប់​លោក​ សាពូន​ មីដាដា ​ទៅ​វិញ​។

ដំបូង​ឡើយ​ លោក​ ម៉ា ច័ន្ទបញ្ញា​ បាន​ប្រកាស​ថា ​ដោយសារ​តែ​ឃើញ​ភាព​កតញ្ញូ​របស់​ក្មួយ​ស្រី​ ពិមាន​ ទើប​លោក​ចង់​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មី​មួយ​ឱ្យ​រូប​នាង​។ លោក​ ម៉ា ​ច័ន្ទបញ្ញា​ រៀបរាប់​ដូច្នោះ​៖​ «​សំណេរ​ក្មួយ​ ពូ​រំភើប​ណាស់​! ឃើញ​ពី​កតញ្ញូ​ភាព​របស់​ក្មួយ​​ បើ​ខ្ញុំ​រៀប​ចំ​ផែន​ការ​និង​គ្រប់គ្រង​ បង​ប្អូន​យល់​យ៉ាង​ណា​ដែរ​ទៅ​បងប្អូន​?​»។​ បំណង​ល្អ​របស់​លោក​ គឺ​បាន​កើត​ឡើង​បន្ទាប់​ពី​ថ្ងៃ​ទិវា​ឪពុក​ ១៨​ មិថុនា​ ថ្មី​ៗ​នេះ​។​

បន្ទាប់​មក​ទៀត​ លោក​ ម៉ា​ ច័ន្ទបញ្ញា​ ក៏​បាន​ឆាត​សួរ​នាំ​ ឆ្លើយឆ្លង​ជាមួយ​លោក​ សាពូន​ មីដាដា​ តាមរយៈ​ហ្វេសប៊ុក​ឆាត​ ដោយ​លោក​ព្យាយាម​សួរ​រក​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ក្មួយ​ស្រី​ សាពូន​ តារា​ពិមាន​។​ ក្នុង​ឆាត​នោះ ​លោក​ ម៉ា​ ច័ន្ទ​ និយាយ​ថា​៖ «ដោយ​បាន​ឃើញ​ពី​សមត្ថភាព​ក្មួយ​ស្រី​ ខ្ញុំ​មាន​គម្រោង​តូច​មួយ​ ធ្វើ​ដោយ​ខ្លួនឯង​ទេ​ ចង់​សូម​អនុញ្ញាត​បង​ បង្ហាញ​គម្រោង​នេះ​បង​។ ខ្ញុំ​កំពុង​តែ​ព្យាយាម​សរសេរ​ចម្រៀង​មួយ​បទ​ នឹង​ត្រៀម​ថត​ ដោយ​ថវិកា​ផ្ទាល់​ខ្លួន​តិចតួច​ទេ ​និយាយ​អំពី​ម្ដាយ​ និង​ត្រៀម​ចេញ​នៅ​ថ្ងៃ​…..​ខាង​មុខ​ ហើយ​ខ្ញុំ​ចង់​យក​សាច់​រឿង​ និង​ទេពកោសល្យ​ក្មួយ​ យក​ទៅ​ផ្សព្វផ្សាយ​ ចង់​ឱ្យ​ក្មួយ​មាន​កេរ្តិ៍ឈ្មោះ​…​»​។ ប៉ុន្តែ​លោក​ សាពូន​ មីដាដា​ តប​ថា​ លោក​មិន​យល់​ពី​គម្រោង​នោះ​ទេ​ និង​សុំ​ឱ្យ​ពន្យល់​បន្ថែម​ទៀត​។​

លុះ​យល់​ពី​គម្រោងការណ៍​ច្បាស់​លាស់​រៀង​ៗ​ខ្លួន​ហើយ​ លោក​ ម៉ា ​ច័ន្ទបញ្ញា​ បាន​សុំ​លេខ​ទំនាក់ទំនង​ទៅ​អ្នកនាង​ សឿ ​សុធារ៉ា ​ពី​លោក ​សាពូន​ មីដាដា​ ហើយ​ក៏​ត្រូវ​បាន​លោក​ សានពូន ​មីដាដា ​បដិសេធ​វិញ​ថា​ លោក​មិន​មាន​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​ជាមួយ​អ្នកនាង​ សឿ សុធារ៉ា​ នោះ​ទេ ​ដោយសារ​តែ​លោក​និង​អ្នកនាង​បាន​ចែក​ផ្លូវ​គ្នា​យូរ​មក​ហើយ​ បាន​ន័យ​ថា​ លែង​ទាក់ទង​គ្នា​ត​ទៅ​ទៀត​ហើយ​។

សារ​ឆ្លងឆ្លើយ​ទាំង​អស់​នោះ​ ត្រូវ​បាន​លោក​ ម៉ា ​ច័ន្ទបញ្ញា​ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ឱ្យ​សាធារណជន​បាន​ឃើញ​ ពី​ចេតនា​ និង​បំណង​ល្អ​របស់​លោក​ ក្នុង​ការ​ចង់​ជួយ​ជ្រោមជ្រែង​ក្មួយ​ស្រី​ សាពូន​ តារា​ពិមាន​ ឱ្យ​មាន​ស្នាដៃ​ថ្មី​។​ ក៏​ប៉ុន្តែ​បំណង​ល្អ​នេះ​ បែរ​ជា​បាន​បញ្ឆេះ​អ្នកលេង​បណ្ដាញ​សង្គម​ឱ្យ​កាន់​តែ​ស្អប់​ខឹង​លោក​ សាពូន​ មីដាដា​ ជា​ឪពុក​ថែម​ទៀត​។​

ត្រយង​សូម​ដក​ស្រង់​មតិ​អ្នកលេង​បណ្ដាញសង្គម​ហ្វេបប៊ុក​មួយ​បាន​ Comment ​ស្ដី​ថា​ឱ្យ​លោក​ សាពូន​ មីដាដា​ចំៗ​ថា​ ៖​ «ចាំ​បាច់​សួរ​នាំ​អា-ឪ-អត់​កំណើត​និង​ធ្វើអី​»។ តែ​លោក​ ម៉ា ​ច័ន្ទ​បញ្ញា ​តប​វិញ​ថា​ ៖ ​«សូម​​បង​កុំ​ប្រើ​ពាក្យ​ទៅ​កាន់​គាត់​បែបនេះ​ ប៉ះពាល់​ក្មេង​។ ខ្ញុំ​ធ្វើ​នេះ​ជា​ការ​គោរព​ ផ្ដល់​គំរូ​ដល់​ក្មួយ​»។ ហើយ​អ្នកលេង​បណ្ដាញសង្គម​នៅ​តែ​ឆ្លើយឆ្លង​វិញ​ថា​ ៖ ​« ខ្ញុំ​ក៏​មាន​កូន​ដែរ​ តែ​ខ្ញុំ​មិន​ធ្វើ​ចរិត​ឆ្កែ​ដូច​គាត់​ទេ​»​។

យ៉ាងណាមិញ​ ក្រៅ​ពី​មតិ​មិន​ពេញ​ចិត្ត​មួយ​នេះ​ហើយ​ គេ​ឃើញ​មាន​មតិ​ជា​ច្រើន​ទៀត​បាន​គាំទ្រ ​និង​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​លោក​ ម៉ា ​ច័ន្ទបញ្ញា ​ដោយ​ពួកគេ​លើកឡើង​ស្រដៀង​គ្នា​ថា​ «សូម​គាំទ្រ​ លើ​ការ​ដុសខាត់​ក្មេង​ស្រី​ដ៏​ឆ្លាត​ម្នាក់​នេះ​» «អគុណ​បង​ប្រុស​សំរាប់​ទឹកចិត្ត​» «សូម​គាំទ្រ​ នឹង​អរគុណ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្មួយ​ពិមាន​» ​​ជាដើម​។

សូម​ជម្រាប​ថា​ ពេល​នេះ​មហាជន​កំពុង​រង់ចាំ​ទន្ទឹង​មើល​ថា​ តើ​ស្នាដៃ​បទ​ថ្មី​ដែល​លោក​ ម៉ា ​ច័ន្ទ​បញ្ញា​ ផលិត​ឡើង​ឱ្យ​ក្មួយ​ស្រី​ សាពូន​ តារាពិមាន​ ច្រៀង​នេះ​ នឹង​មាន​ភាព​ទាក់ទាញ​កម្រិត​ណា​?​ តាម​ដាន​បន្ត​៕

Share.