ភ្នំពេញ ៖ អាសូរណាស់ ក្មេងប្រុសសិស្សសាលាម្នាក់អាយុទើប១៤ឆ្នាំ ជិះកង់វិលត្រឡប់មកពីផ្ទះជាងវិញ ជិតដល់ផ្ទះទៅហើយ ស្រាប់តែមានរថយន្តTUNTRAមួយគ្រឿងបើកលឿនបុកកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង កង់ដាច់ជាពីរកំណាត់ ហើយរថយន្តបើករត់គេចបាត់ ឪពុកម្តាយ ក្រុមគ្រួសាររន្ធត់ចិត្តទ្រហោយំ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេងរងគ្រោះមានឈ្មោះ ប្រាក់ សុខលុច ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ សាលាឯកជនគ្រីនហូម មានបងប្អូន២នាក់ ក្មេងរងគ្រោះជាកូចច្បង មាន
ឪពុកឈ្មោះ ប្រាក់ ចន្ថា អាយុ៤៧ឆ្នាំ មុខរបរ មន្ត្រីនគរបាល ម្តាយឈ្មោះ នួន អូន អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ ។
បើតាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុក្មេងរងគ្រោះបានយកកង់ទៅឲ្យជាងជួសជុល នៅក្នុងភូមិ រួចរាល់ហើយ ក៏ជិះវិលត្រឡប់មកវិញតាមផ្លូវបេតុងក្នុងភូមិ ពីត្បូងទៅជើង ជិតដល់ផ្ទះទៅហើយ ស្រាប់តែមានរថយន្តម៉ាកTUNTRA ពណ៌ស មិនចាំស្លាកលេខ មួយគ្រឿង បើកបរល្បឿនលឿន ពីត្បូងទៅជើង បុកកង់ក្មេងរងគ្រោះពីក្រោយ កិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង កង់បាក់ដាច់ជាពីកំណាត់ខ្ទេច ហើយរថយន្តបង្កបើករត់គេចទៅបាត់ ។

ភ្លាមៗឪពុកម្តាយ ក្រុមគ្រួសារលើកបីត្រកងកូនប្រុសជាទីស្រឡាញ់ ចូលផ្ទះស្ថិតនៅក្បែរនោះ ទាំងអាល័យ ។ ចំណែកកម្លាំងសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងជំនាញនៃអធិការដ្ឋាន ចុះទៅពិនិត្យស្រាវជ្រាវ ឆែកតាមរយៈកាមេរ៉ាសុវត្តិភាពតាមផ្លូវផ្លូវ ដើម្បីស្វែងរកមើលរថយន្តបង្ក នាំមកដោះស្រាយតាមផ្លូវច្បាប់ ៕


អត្ថបទ៖ តាតុងសែនជ័យ

