ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល G ជាមួយអ៊ូបេគីស្ថាន, អ៊ីរ៉ាក់ និងម៉ាឡេស៊ី ក្នុងការប្រកួតជើងឯកប្រចាំទ្វីបអាស៊ី AFC Futsal Asian Cup 2024។ ពិធីចាប់ឆ្នោតនេះ ធ្វើឡើងនៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ ប្រកួតជើងឯកប្រចាំទ្វីបអាស៊ី AFC Futsal Asian Cup 2024 ធ្វើឆ្នាំនេះដោយក្រុមចូលរួមចំនួន ៣១ ត្រូវចាប់ចូលតាមពូលនីមួយៗ ដើម្បីប្រកួតជម្រុះ ស្វែងរកក្រុមខ្លាំងចំនួន ១៦ឡើងទៅជុំបន្តស្វែងរកជើងឯក។
ពានរង្វាន់នេះធ្វើឡើងរាល់២ឆ្នាំម្តងគិតចាប់តាំងពីឆ្នាំ១៩៩៩ មកម៉្លេះ ដោយក្រុមជប៉ុន ជាម្ចាស់ជើងឯកឆ្នាំចាស់ក្នុងឆ្នាំ២០២២ ដែលប្រទេសគុយវ៉ែត ជាម្ចាស់ផ្ទះ ស្របពេលដែលក្រុមអ៊ីរ៉ង់ ក្រុមឈ្នះជើងឯកច្រើនជាងគេរហូតដល់ទៅ១២សម័យកាល។

ដោយឡែកសម្រាប់ក្រុមកម្ពុជា វិញធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះចំនួន១លើកគឺនៅឆ្នាំ២០០៤ ដែលម៉ាកាវ ជាម្ចាស់ផ្ទះ ដោយកាលនោះកម្ពុជា ស្ថិតក្នុងពូល A ជាមួយអ៊ីរ៉ង់, អ៊ូបេគីស្ថាន,ឥណ្ឌូណេស៊ី និងហុងកុង។ ជាលទ្ធផលកម្ពុជា ឈ្នះហុងកុង ៨-៤ តែចាញ់អ៊ូប៊ែគីស្ថាន ១៣-១ ហើយបន្តចាញ់អ៊ីរ៉ង់ ២៤-១ និងចាញ់ឥណ្ឌូណេស៊ី ៥-២៕

