ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតីន័របុកកិនម៉ូតូZOOMER ច្រាសទិសគ្នា ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវថៃហ្គ័រ មុខរោងចក្រស្រាបៀរ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ពូន សាមគ្គី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកZOOMER ពណ៌ លាយត្រួយចេក ពាក់ស្លាកលេខ កណ្តាល 1W-1116 ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតីន័រ របស់ក្រុមហ៊ុន សុកន ពណ៌ខៀវ ឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-8056 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0281 បើកពីជើងទៅត្បូងបុកកិនជនរងគ្រោះ បណ្តាលស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបរត្រូវបានឃាត់ខ្លួន ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូ រួមទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


អត្ថបទ៖ តាតុងសែនជ័យ

