ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តបំពានភ្លើងស្តុប ក្រោមស្ពានអាកាសផ្សារដីហុយ ភ្លាមនោះនគរបាលចរាចរណ៍នៅគោលដៅក្រោមស្ពានអាកាសផ្សារដីហុយ បានចេញឃាត់តែម្ចាស់រថយន្តមិនព្រមឈប់ថែមទាំងបើកបុកនគរបាលម្នាក់ទើលើរថយន្តទៀតផង។

តាមការស្រាយបំភ្លឺពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីវេលាម៉ោង ២:៤០នាទីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ល្មើសភ្លើងស្តុបក្រហម នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះ កម្លាំងនគរបាលចរាចរណ៍បានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ថែមទាំងបន្ថែមល្បឿនបើកបុកនគរបាលថែមទៀតផង ឃើញស្ថានភាពបែបនេះ នគរបាលម្នាក់នោះបានផ្តេកខ្លួនទៅលើរថយន្តតែអ្នកបើកបររថយន្តមិនព្រមឈប់ទេនៅតែបើកបរទៅមុខរហូត។

ភ្លាមៗកម្លាំងនគរបាលចរាចរណ៍ក៏ដូចជាប្រជាពលរដ្ឋនៅម្ដុំនោះបានចេញជួយឃាត់ទើបរថយន្តបង្កដល់ចម្ងាយជាង ១ គីឡូទើប ព្រមឈប់ជាសំណាងល្អដែលមិនបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់នគរបាលរូបនោះ ។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានឲ្យដឹងថា ក្រោយការសួរនាំនិងពិនិត្យមើលតាមកាំម៉េរ៉ាវីដេអូ គឺអ្នកបើកឡាន បើករំលោភភ្លើងស្តុប ទើបនគរបាលនៅទីនោះចេញមកឃាត់ ហើយអ្នកបើកឡានមិនព្រមឈប់ថែមទាំងបើកបុកនគរបាលឲ្យទើលើរថយន្តទៀត។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនម្ចាស់រថយន្ត យកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕


អត្ថបទ៖ ទូច វិច្ឆិការ

