សិល្បៈជាតិ៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងកាលពីពេលថ្មីៗនេះថា អាថ៌កំបាំងរបស់លោក ស៊ីន ស៊ីសាមុត បានស្លាប់ទៅជាមួយលោកហើយ គ្មាននរណាម្នាក់ដឹងក្រៅពីលោកទេ ហើយករណីលោក បឺត សំរេច ក៏មិនគួរត្រូវស្តីបន្ទោសទេ គួរជំរុញលើកទឹកចិត្តបន្ថែម ព្រោះលោកគ្រាន់តែទទួលព័ត៌មានពីម្តាយចិញ្ចឹមរបស់ខ្លួនប៉ុណ្ណោះ។

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះសារយ៉ាងដូច្នោះ៖ «ខ្ញុំជឿថារឿងអាថ៌កំបាំងរបស់លោក ស៊ីន ស៊ីសាមុត គ្មាននរណាម្នាក់ដឹងអស់ក្រៅពីខ្លួនលោកទេ ហើយរឿងទាំងនោះក៏បានស្លាប់ទៅជាមួយគាត់អស់ហើយ ក៏ទោះបីជាមានអ្នកចេញមកអះអាងថាធ្លាប់ជាមិត្តស្និទ្ធស្នាលជាមួយលោកក៏មិនអាចដឹងបានដែរ ។ ឯករណីលោក បឺត សំរេច មិនគួរត្រូវបានទទួលការស្តីសន្ទោសទេ ព្រោះគាត់គ្រាន់តែបានដឹងរឿងរ៉ាវតាមតែម្តាយចិញ្ចឹមនិយាយប្រាប់តែប៉ុណ្ណោះ»។
លោកបន្តថា «កត្តាសំខាន់ ប្រសិនបើយល់ថា គាត់មានសំឡេងច្រៀងល្អ សូមជួយផ្តល់កម្លាំងចិត្តគាត់ ដើម្បីឱ្យគាត់ខិតខំអភិវឌ្ឍសមត្ថភាពឈានទៅទទួលបានជោគជ័យលើវិស័យចម្រៀងរបស់គាត់ ។ សម្រាប់រូបខ្ញុំគឺពិតជាគាំទ្រសំឡេងរបស់គាត់ ដែលអាចច្រៀងបទលោក ស៊ីន ស៊ីសាមុត បាននិងពីរោះម្យ៉ាងម្នាក់ ។ សូមស្នើសុំឱ្យលោក បឺត សំរេច ខិតខំហាត់បន្ថែមទៀតដើម្បីឱ្យកាន់តែបានល្អប្រសើរឡើង »។

យ៉ាងណាមិញ ក្រោយការបង្ហោះនេះ ក្រុមព្រះសុរិយា បានបង្ហាញទស្សនៈគាំទ្រចំពោះមតិរបស់លោក ជុំ កុសល ហើយមហាជនមួយចំនួនទៀតមើលឃើញថា លោក បឺត សំរេច ពិតជាបកស្រាយចម្រៀងពីរោះម្យ៉ាងម្នាក់ពីលោក ស៊ីន សីសាមុត ដូចការលើកឡើងរបស់ លោក ជុំ កុសល ដូច្នោះហើយគួរតែលើកទឹកចិត្ត បឺត សំរេច ឱ្យខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត និងសូមកុំបន្តរិះគន់ចំពោះរូបលោកអី៕

