ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ខណៈដែលឪពុកម្តាយជាប់រវល់ការងារស្រែចំការ ក៏ឡើងលេងលើដើមស្វាយ ជាអកុសលរបូតដៃធ្លាក់ បណ្តាលឲ្យរងរបួសបាក់ជើងស្តាំ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្មេងរងគ្រោះមានឈ្មោះ ប៊ុន លី ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ប៊ុន ហួរ អាយុ៣៥ឆ្នាំ មុខរបរកសិករ នៅក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលឪពុកម្តាយជាប់រវល់ការងារស្រែចំការ ក្មេងរងគ្រោះនៅផ្ទះ ក៏ឡើងលេងលើដើមស្វាយកម្ពស់ជាង៣ម៉ែត្រ ជាអកុសលរបូតដៃធ្លាក់មកដី បណ្តាលឲ្យរងរបួសបាក់ជើងស្តាំ ។
ក្រោយកើតហេតុ ក្មេងរងគ្រោះត្រូវបានក្រុមគ្រូពេទ្យ រថយននតមណ្ឌលសុខភាពពន្សាំងចេញទៅអន្តរាគមន៍ ដឹកបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ៕
អត្ថបទ៖ តាតុងសែនជ័យ


