ព្រះសីហនុ ៖ មនុស្សម្នាក់បានកៀបស្លាប់ភ្លាមៗនៅកន្លែង ចំណែកមនុស្ស៨នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចេណ៍មួយកើតឡើង ដោយរថយន្តកូរ៉េដឹកកម្មករ សម្ភារៈជាង បើកតាមផ្លូវចុះចំណោតលឿនជ្រុលហ្វ្រាំងមិនជាប់ ជ្រុលទៅបុកដើមឈើ ត្រូវបានកម្លាំងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទិព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្លូវចុះពីវត្តលើ ក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ កូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-1674 បើកបរដោយឈ្មោះ ហុឹម លាងហ៊ត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានដឹកក្រុមជាងសំណង់ និងសម្ភារៈជាង ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តជិះគ្នា៩នាក់ មានទាំងសម្ភារៈ ម៉ាសុីនភ្លើង ផង បើកចុះពីវត្តលើ ផ្លូវចុះចំណោត ពីជើងទៅត្បូង លឿនហ្វ្រាំងមិនជាប់ជ្រុលទៅបុកដើមឈើដោយខ្លួនឯង បណ្តាលឲ្យកម្មករម្នាក់កៀបស្លាប់ ចំណែក៨នាក់ទៀត រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្លាំងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ ដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពម្នាក់ ត្រូវបានគាស់យកចេញ ទុកឲ្យសមត្ថកិច្ចមូលដ្ឋានស្រាវជ្រាវរកក្រុមគ្រួសារ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.