វឌ្ឍនភាពនិងទំនើបកម្មនៃមធ្យោបាយដឹកជញ្ជូននាពេលបច្ចុប្បន្ន បាននិងកំពុងសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនទំនិញនៅទូទាំងពិភពលោក។ក្នុងនោះរថភ្លើង ក៏ជាមធ្យោបាយមួយដ៏ពេញនិយមផងដែរ ដោយសារតែ ការចំណាយទៅលើមធ្យោបាយប្រភេទនេះមានតម្លៃទាប បើធៀបទៅនឹងមធ្យោបាយដទៃទៀត។

តើលោកអ្នកដឹងទេ រថភ្លើងដំបូងគេដែលត្រូវបានផលិតឡើងមិនដូចគ្នាទៅនឹងរថភ្លើងដែលលោកអ្នកបានឃើញ នាពេលបច្ចុប្បន្ននេះឡើយ ។ខាងក្រោមនេះគឺជារឿងរ៉ាវពាក់ព័ន្ធទៅនឹងការកកើតរបស់រថភ្លើងដំបូងគេនៅក្នុងទ្វីបអឺរ៉ុប៖

មែនទែនទៅ មានមនុស្សតិចណាស់ដែលបានដឹងអំពីប្រវត្តិនៃការបង្កើតរថភ្លើង ថានរណាជាអ្នកមានគំនិតបង្កើតវាឡើង តើវាមានប្រវត្តិបង្កើតចេញពីប្រទេសណា នៅពេលណា?

រថភ្លើង គឺជាយានសម្រាប់ដឹកជញ្ជូនមនុស្ស និង ទំនិញផ្សេងៗ ហើយចក្រភពអង់គ្លេសជាអ្នកដែលបានស្គាល់រថភ្លើងមុនដំបូងគេបង្អស់ បន្ទាប់ពីបានពិសោធន៍លើកដំបូងនៅស្រុក ខាល្លីងតុន (Callington) ជាតំបន់ដែលសម្បូរទៅដោយអណ្ដូងធ្យូងថ្មច្រើនជាងគេនៅចក្រភពអង់គ្លេស។

រថភ្លើងដំបូងគេនេះ ត្រូវបានបង្កើតឡើងដោយលោក ចច ស្ដេហ្វីនសុន (George Stephenson)។ លោក ស្ដេហ្វីនសុន (Stephenson) កើតនៅថ្ងៃទី០៩ ខែមិថុនា គ្រិស្ដសករាជ១៧៨១ លោកកើតក្នុងគ្រួសារកម្មករជីករ៉ែធ្យូងថ្មដ៏ក្រីក្រមួយ រស់នៅភូមិ វ៉ាយឡាំ (Wylam) ខាងកើត ស្រុក ញូវខាសល (Newcastle)។ លោកបានទទួលមរណភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៨៤៨ ក្នុងទីក្រុង ឆេសធើហ្វីល (Chesterfield)។ លោកមានកូនប្រុសតែម្នាក់គត់ឈ្មោះ រ៉ូបឺត ស្ដេហ្វីនសុន (Robert Stephenson) ហើយកូនប្រុសរបស់លោកក៏ជាវិស្វករផ្លូវដែក ១រូបដែរ។ លោក រ៉ូបឺត ធ្លាប់បានធ្វើការជាមួយឪពុករបស់លោកលើគម្រោងជាច្រើនផងដែរ។

លោក ចច ស្ដេហ្វីនសុន (George Stephenson)
លោក រ៉ូបឺត ស្ដេហ្វីនសុន (Robert Stephenson) កូនប្រុស លោក George Stephenson

មិនខុសពីក្មេងៗដទៃឡើយ ដោយសារគ្រួសារមានជីវភាពក្រខ្សត់ លោក ស្ដេហ្វីនសុន ត្រូវមានកាតព្វកិច្ចជួយធ្វើការងារឪពុកម្ដាយតាំងពីក្មេងវ័យ ហើយមិនបានចូលសិក្សានៅសាលារៀននោះឡើយ ប៉ុន្តែនៅពេលធំពេញវ័យ ដោយសារលោកមានលទ្ធភាពរកប្រាក់បានគួរសម និងមានចិត្តអំណត់ចង់ចេះដឹងផងនោះ លោកក៏ឆ្លៀតទៅសិក្សានៅសាលា ដើម្បីរៀនសរសេរអក្សរ និងចេះអានអក្សរខ្លះៗ បូកផ្សំទាំងការចង់ស្វែងយល់ផ្សេងៗផង លោក ស្ដេហ្វីនសុន ក៏បានក្លាយវិស្វករបង្កើតរទេះថ្មីមួយដើម្បីសម្រួលការងារក្នុងកន្លែងអណ្ដូងធ្យូងថ្ម។​​

ក្រោយមក នៅគ្រិស្ដសករាជ១៧៧០ មានជនជាតិបារាំងម្នាក់បានសាកល្បងបង្កើតរទេះដើរដោយចំហាយទឹក ប៉ុន្ដែដោយសារតែទម្ងន់រទេះនោះធ្ងន់ពេកទើបគេបញ្ឈប់ការប្រើប្រាស់ រហូតដល់គ្រិស្ដសករាជ១៨០០ លោក រីឆាត ត្រេវ៉េធិក (Richard Trevithick) ជាអ្នកបង្កើតបានរទេះកង់៤ បានល្អជាងគេ ហើយការបង្កើតរទេះភ្លើងរបស់លោក ត្រេវ៉េធិក (Trevithick)នេះហើយ បានធ្វើឲ្យ ស្ដេហ្វីនសុន ចាប់ផ្ដើមចាប់អារម្មណ៍ និង ព្យាយាមរៀនបង្កើតរទេះតាមគំរូរបស់រទេះភ្លើងនោះ។

លោក រីឆាត ត្រេវ៉េធិក (Richard Trevithick)

ពេលយល់ពីរទេះច្បាស់ហើយ លោក ស្ដេហ្វីនសុន បានប្រាប់ម្ចាស់អណ្ដូងធ្យូថ្មនៅស្រុកកំណើត ពីគោលបំណងរបស់ខ្លួន ដោយមានការជឿទុកចិត្តចំពោះយុវជនរូបនេះ ម្ចាស់អណ្ដូងធ្យូងថ្មបានឲ្យប្រាក់ខ្ចី និង ផ្ដល់គ្រឿងឧបករណ៍ផ្សេងៗ ដើម្បីឲ្យ ស្ដេហ្វីនសុន សាកល្បងជាលើកដំបូង។

លោក ស្ដេហ្វីនសុន ប្រើពេលពិសោធន៍អស់រយៈពេល ១០ខែ ហើយបានបង្កើតរទេះនោះបានសម្រេច នៅថ្ងៃទី២៥ ខែកក្កដា គ្រិស្ដសករាជ១៨១៤។ រទេះនេះមានកង់ដែកបួន មានបំពង់ភ្លើងសម្រាប់ដុតបញ្ឆេះឲ្យម៉ាស៉ីនមានដំណើរការទៅមុខ ដោយអាចទាញរទេះដទៃទៀតដែលមានទម្ងន់រហូតដល់ ៣០តោនឡើងភ្នំ និងមានល្បឿនក្នុង ១ម៉ោងជាង ៦គីឡូម៉ែត្រ។

នៅពេលការពិសោធន៍កាន់តែជោគជ័យជាងមុន លោក ស្ដេហ្វីនសុន បានដាក់ឈ្មោះឲ្យរទេះភ្លើងរបស់គាត់ថា ប្ល៊ូឆឺរ (Blucher) តាមឈ្មោះមេទ័ពដ៏ខ្លាំងពូកែម្នាក់របស់ព្រូសស៉ី ប៉ុន្តែកម្លាំងរទេះរបស់ ស្ដេហ្វីនសុន នៅពុំទាន់ពូកែជាងកម្លាំងសេះប៉ុន្មាននោះទេ គឺនៅយឺតល្មមអាចនឹងប្រើសេះទាញបាន ជាហេតុធ្វើឲ្យលោក ចច ស្ដេហ្វិនសុន នៅពុំទាន់ពេញចិត្តនឹងរទេះភ្លើងដំបូងរបស់ខ្លួននៅឡើយទេ ដោយគាត់នៅតែព្យាយាមអភិវឌ្ឍន៍រទេះភ្លើងនេះឲ្យពូកែជាងមុនបន្តិចម្ដងៗ រហូតអភិវឌ្ឍន៍ឲ្យក្លាយជារថភ្លើងដែលមានល្បឿនលឿនជាងមុន (លឿនជាងសេះ)។

នៅសម័យនោះ ធ្យូងថ្មដែលត្រូវប្រើនៅក្នុងទីក្រុងឡុងដ៍ ត្រូវដឹកជញ្ជូនតាមផ្លូវគោកពីតំបន់មួយទៅតំបន់មួយ ដើម្បីដាក់លើកប៉ាល់ដឹកបន្តតាមផ្លូវទឹក ដូច្នេះហើយទើបសភា និង រាជរដ្ឋាភិបាលចក្រភពអង់គ្លេស តម្រូវឲ្យធ្វើផ្លូវដែកសម្រាប់ដឹកជញ្ជូនតាមរទេះភ្លើង ហើយជាង ស្ដេហ្វិនសុន ក៏បានទទួលរាប់រងក្នុងការងារធ្វើផ្លូវរទេះភ្លើង និង ផលិតរទេះភ្លើង ក្រោមការដឹកនាំរបស់បុគ្គលម្នាក់ទៀតមានឈ្មោះថា អេដវ៉ើត ភិស (Edward Pease)។

បន្ទាប់មកទៀត លោក ស្ដេហ្វីនសុន បានក្លាយជាវិស្វករលើគម្រោងមួយចំនួន ហើយក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមពិគ្រោះយោបល់លើការអភិវឌ្ឍន៍ផ្លូវដែកនៅប្រទេសបែលហ្សិក និង អេស្ប៉ាញផងដែរ។

នៅពេលការងារសាងសង់ផ្លូវរទេះភ្លើងដំបូងបានបញ្ចប់ គេក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅគ្រិស្ដសករាជ១៨២០ ដោយក្នុងនោះក៏មានវត្តមានរបស់សម្ដេច វីល្លីងតុន អាត់ស៊ូ វែល្លីសស្លី (Arthur Wellesley) ដែលជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសសម័យនោះផងដែរ។ នេះជាសម័យកាលដ៏សំខាន់មួយ ដែលប្រជាជនអង់គ្លេសចាប់ផ្ដើមស្គាល់វត្តមានរទេះភ្លើង ឬ រថភ្លើង ជាបណ្ដើរៗ។

លោក ស្ដេហ្វិនសុន បានធ្វើការយ៉ាងសកម្មក្នុងការកសាងផ្លូវរថភ្លើង និង ម៉ាស៉ីនរថភ្លើង ដើម្បីតភ្ជាប់ពីស្រុកមួយទៅស្រុកមួយទូទាំងចក្រភពអង់គ្លេស។ លោកត្រូវបានគេចាត់ទុកថា ជាវិស្វករផ្លូវដែកដ៏ល្បីល្បាញ ជាបិតារថភ្លើងដំបូងគេ ហើយក៏ជាអ្នកបង្កើត «Rocket» ដែលជាក្បាលរថភ្លើងដំបូងដ៏ល្បីល្បាញ និងពេញនិយមបំផុត។

ចាប់តាំងពីពេលនោះមក បណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបបានចាប់ផ្ដើមទិញ និងផលិតរថភ្លើងឲ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅជំនាន់រហូតដល់សព្វថ្ងៃនេះ គេបានឈានទៅបង្កើតរថភ្លើងលើអាកាសដែលមានល្បឿនលឿនបំផុត ដែលងាយស្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនានា៕

ប្រភព៖ Wikipedia (History of the first train in the world)

Share.