សិល្បៈ​ជាតិ​៖​ សកម្មភាព​នៃ​ការ​ផ្ដល់​អាហារ​នៃ​ក្ដី​ស្រលាញ់​ និង​ ប្រគល់​អំណោយ​សប្បុរសធម៌​ ជូន​ដល់​កុមារ​កំព្រា​ នៅ​មណ្ឌល​ស្នាម​ញញឹម​នៃ​ក្ដី​សង្ឃឹម​កុមារ​ ទាំង​១២០​នាក់​ ដែល​សុទ្ធ​សឹង​តែ​ជា​ជំនួយ​សាមគ្គី​របស់​សិល្បករ​ និង​ ក្រុម​សប្បុរសជន​ តាមរយៈ​លោក​ ផាត់​ តារារដ្ឋ​ ស្ថាបនិក​ក្រុម​គ្រួសារ​តារា​កម្ពុជា​។​ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៥​ មិថុនា​ ២០២៣​ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ​។​

សិល្បករដែលបានចូលរួមនៅក្នុងកម្មវិធីនោះដោយផ្ទាល់រួមមាន លោក សាន ផានិត តារាចម្រៀងលោកជំទាវ ភីយ៉ា តារាសម្ដែង អ្នកនាង និន សុធារ៉ា តារាសម្ដែង លោកជំទាវ រីយ៉ា តារាសម្ដែង អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង អ្នកនាង សាង សុរិយា តារាសម្ដែង អ្នកនាង យិន ស្រីពៅ តារាសម្ដែង កញ្ញា អ៊ុង នីនិច តារាចម្រៀងលោក ឯក រ៉ាវ័ន្ត តារាសម្ដែង អ្នកនាង ណុប លក្ខិណា តារាសម្ដែងនិង សិល្បករសិល្បការិនីជាច្រើនរូបទៀត។

នៅ​ក្នុង​ការ​ផ្ដល់​ជូន​មណ្ឌល​កុមារ​កំព្រា​រួម​មាន​៖ ​ទឹក​ប្រាក់​៦​លាន​រៀល​ អង្ករ​ 27​ បេ​ (​១បេ​​២៥​គីឡូ​) ​សាប៊ូ​ដុស​ខ្លួន​ដប​ធំ​ ៦០​ដប​ សាប៊ូ​កក់​សក់​មួយ​ចំនួន​ ធូបមូស​ ៦០​ប្រអប់​ មីជាង​៣០​កេស​ ថ្នាំ​ដុស​ធ្មេញ​ ១៥០​ប្រអប់​ ច្រាស់​ដុស​ធ្មេញ​ ១៥០​ដើម​ សៀវភៅ​ ២០០​ក្បាល​ ប៊ិច​ ១៥០​ដើម​ ខ្មៅដៃ​១៥០​ដើម​ កាតាប​ក្មេង​មួយ​ចំនួន​ បាយ​ពី​ភោជនីយដ្ឋាន​បាយ័ន​ ១២០​ប្រអប់​ ទឹក​សណ្ដែក​ ១៥០​ដប​ ចាហួយ ​១៨០​កែវ​ សំលៀកបំពាក់​មួយ​ចំនួន​ ​និង​នំ​ចំណី​មួយ​ចំនួន​។

លោក​ សាន ​ផានិត​ សិល្បករ​រៀម​ច្បង​ក្នុង​វិស័យ​ចម្រៀង​ បាន​លើក​ឡើង​ថា​ លោក​ពិត​សប្បាយ​ចិត្ត​នៅពេល​ដែល​ឃើញ​សិល្បករ​ និង ​ក្រុម​សប្បុរសជន​ បាន​រួប​រួម​គ្នា​ផ្ដល់​ក្ដី​ស្រឡាញ់​តាមរយៈ​អាហារ​សាមគ្គី​ជាមួយ​កុមារ​កំព្រា​ទាំង​ ១២០ ​នាក់ ​និង​បាន​ប្រគល់​អំណោយ​សប្បុរសធម៌​ជូន​ដោយ​ស្នាមញញឹម​ផង​ដែរ​។​

លោក​ ផាត់​ តារារដ្ឋ​ ស្ថាបនិក​ក្រុម​គ្រួសារ​តារា​កម្ពុជា​ លើក​ឡើង​ថា​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ​ដែល​ក្រុម​គ្រួសារ​តារាកម្ពុជា​បាន​គិតគូរ​ដល់​កុមារ​កំព្រា​ ព្រោះ​កន្លង​មក​គ្រួសារ​តារា​កម្ពុជា​បាន​ធ្វើ​សកម្មភាព​នេះ​តាម​បណ្ដា​ខេត្ត​នានា​ ដូចជា​មណ្ឌល​កុមារ​កំព្រា​នៅ​កំពង់​ស្ពឺ​ជា​ដើម​។​ លោក​រំពឹង​ថា​ សកម្មភាព​នេះ​នឹង​បង្ហាញ​ឱ្យ​មហាជន​បាន​ឃើញ​ថា​ តារា​សិល្បៈ​ គឺ​មិន​ត្រឹមតែ​ផ្ដោត​តែ​លើ​អាជីព​របស់​ខ្លួន​ជា​សំខាន់​នោះ​ទេ​ ប៉ុន្តែ​ពួក​គាត់​ក៏​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការងារ​សង្គម​ជាតិ​ និង​មនុស្សធម៌​ផង​ដែរ​៕​

Share.