បាត់ដំបង ៖ បុរសចំណាស់ម្នាក់ដោតភ្លើងម៉ូទ័របូមទឹកហើយលើកយកមកគោះ ស្រាប់តែឆ្លងឆក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង មាត់ស្រះទឹកនៅក្រោយផ្ទះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ឈិត រើន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះដោតខ្សែភ្លើងដើម្បីបូមទឹកស្រោចដំណាំ តែម៉ូទ័រដែលនៅត្រាំក្នុងទឹកស្រះនោះមិនដើរ មិនបូម ទើបជនរងគ្រោះទៅលើកគោះ ស្រាប់តែឆ្លងឆក់ស្លាប់ភ្លាមៗនៅមាត់ស្រះទឹក ក្រុមគ្រួសារជួយមិនទាន់ផង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ គ្រូពេទ្យចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយឆក់ចរន្តភ្លើង រួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.