កំពង់ស្ពឺ ៖ បុរសម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀនធ្លាប់ជាប់ពន្ធនាគារ មិនរាងចាល ប្រដាប់ដោយកាំបិតបុ័ងតោកាប់ទៅលើប្អូនស្រីជីដូនមួយជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ រួចកាប់ក្មួយស្រីអាយុទើប៦ខែ ស្លាប់ទាំង២នាក់ម្តាយកូន ហើយរត់ឡើងភ្នំចូលព្រៃគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ស្ត្រីរងគ្រោះឈ្មោះឈៀវ សុខគឿន អាយុ៣២ឆ្នាំ ជាស្ត្រីម៉េម៉ាយ និងកូនស្រីអាយុទើប៦ខែ រស់នៅក្នុងភូមិកើតហេតុ ។ ចំណែកជនដៃដល់ឈ្មោះ ឡាយ ទ្រី ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ រស់នៅផ្ទះក្បែរគ្នា កំពុងរត់គេចខ្លួនឡើងលើភ្នំ ។

តាមប្រភពបានឲ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគារ មកវិញមិនរាងចាល បង្កបញ្ហាក្នុងគ្រួសារ ដោយសារញៀនថ្នាំដល់កម្រិត ហើយមុនកើតហេតុ ជនសង្ស័យមិនដឹងថាគុំខឹងជនរងគ្រោះពីពេលណាមកទេ ក្រេវក្រោធ ប្រដាប់ដោយបុ័ងតោកាប់លើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយចាប់យកកូនស្រីអាយុ៦ខែ ទៅកាប់ បណ្តាលឲ្យស្លាប់ រួចរត់ឡើងភ្នំគេចចូលព្រៃបាត់ ។

ហេតុការណ៍ខាងលើបង្កឲ្យភ្ញាក់ផ្អើល ក្រុមគ្រួសារសាច់ញាតិ អ្នកភូមិ ត្រូវបានកម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ កំពុងតាមស្វែងរកជនដៃដល់ កំពុងគេចខ្លួនឡើងលើភ្នំក្បែរនោះ៕

អត្ថបទ៖តាតុងសែនជ័យ

Share.