បាត់ដំបង÷ សមត្ថកិច្ចបង្ក្រាបករណីឈូសឆាយដីព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្ស៤នាក់ជាមួយវត្ថុតាងជាច្រើនទៀតអនុវត្តតាមនីតិវិធី។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះដោយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោយរកឃើញជនសង្ស័យបានចូលកាប់ឆ្ការឈូសឆាយដីព្រៃលិចទឹកដោយបំពានច្បាប់នៅត្រង់ចំណុចភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

កម្លាំងកងរាជអាវុធហត្ថខេត្តបានបង្ហើបឲ្យដឹងថា÷ ប្រតិបត្តិការចុះបង្ក្រាបអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីទប់ស្កាត់ និងរក្សាការពារផ្ទៃដីលិចទឹកជាជម្រកត្រីពងកូនកុំឲ្យរេចរឹលបាត់បង់បន្ថែមទៀត។

ជនសង្ស័យមានឈ្មោះឯម ប៊ុនថន អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ និងបីនាក់ទៀតជាអ្នកស៊ីឈ្នួលបើកបរឈូសឆាយឲ្យឈ្មោះឯម ប៊ុនថនខាងលើ រួមមានឈ្មោះជឿន រ៉ា អាយុ៤៧ឆ្នាំ, ឈ្មោះយួង អឿត អាយុ៥០ឆ្នាំ និងឈ្មោះប៉ាន់ ភន អាយុ៤០ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រៅពីនេះកម្លាំងអាវុធហត្ថក៏ដកហូតបានវត្ថុតាងត្រាក់ទ័រចំនួន៤គ្រឿង រួមទាំងម៉ូតូមួយគ្រឿងផងដែរ។

ប្រភពកងកម្លាំងដដែលបានបន្ថែមថា÷ ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានកន្លងមកបានល្មើសចូលកាប់ឆ្ការឈូសឆាយដីព្រៃលិចទឹកសរុបអស់ចំនួន៣.៩០៧ហិកតា ក្នុងនោះមានដីតំបន់២ ចំនួន២៩.៩៨៨ហិកតា និងដីតំបន់៣ ចំនួន៩.០៨២ហិកតា។ ក្រោយការសាកសួរ ព្រមទាំងបានចម្លើយសារភាពរបស់ជនសង្ស័យ មន្ត្រីការិយាល័យជំនាញបានកសាងសំណុំរឿង ប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

