ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជាម៉ូតូរត់ឌុប ខណៈដែលកំពុងដឹកបុរសម្នាក់ និងកូនកង់មួយគ្រឿង ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតកំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យដួលស្លាប់អ្នកជិះខាងក្រោយម្នាក់ ឯអ្នកបើកម៉ូតូសងខាងនាំគ្នារត់គេចខ្លួនបាត់អស់ ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ឈិន ដាលីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅស្ថិតនៅភូមិ អំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GU-2869 ជាម៉ូតូរត់ឌុប បានដឹកជនរងគ្រោះនិងកូនកង់មួយ ធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលទៅបុកជាមួយ ភាគីម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-4318 ដែលជិះពីកើតទៅលិច ហើយបានបត់ឆ្វេងឆ្លងផ្លូវចូលភូមិព្រៃធំ បណ្តាលឲ្យដួលរងរបួសអ្នករួមដំណើរម្នាក់ ហើយត្រូវបានរថយន្តគ្លីនិកឯកជន គង្គា សែងលើកដឹកយកទៅ តែបានស្លាប់បាត់ទៅហើយ ដោយឃើញសភាពមិនស្រួល អ្នកបើកបរសងខាងនាំគ្នារត់គេចខ្លួនបាត់អស់ បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូទាំង២គ្រឿងរងខូចខាតបន្តិចបន្តួច ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ៕

អត្ថបទ៖ តាតុងសេនជ័យ

Share.