ក្រចេះ ៖ អគ្គិភ័យលេបត្របាក់ផ្ទះចំនួន៤ល្វែងជាប់គ្នាយ៉ាងសន្ធោសន្ធៅ អស់ទាំងទ្រព្យសម្បត្តិ គិតជាប្រាក់ជាង៣០មុឺនដុល្លារ ដោយសារទុស្សេខ្សែភ្លើង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៧ ត្រង់ចំណុចគីឡូម៉ែត្រ១២៣ ផ្សារកាបី ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ កែវ ឈាន ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិខ្មែរ មុខរបរជាសមាជិកក្រុមប្រឹក្សា ឃុំគ្រញូងសែនជ័យ មានប្រពន្ធឈ្មោះ ណៃ យាត អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ។ ផ្ទះដែលរងនូវអគ្គិភ័យឆាបេះសង់ពីថ្មក្រោម ឈើលើ ប្រក់ស័ង្កសី ចំនួន៤ល្វែងជាប់គ្នា ស្តុកអុីវ៉ាន់ លក់ដូរ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើដោយសារទុស្សេចរន្តភ្លើងចេញពីកន្លែងស្តុកអុីវ៉ាន់ ឆាបឆេះរាលយ៉ាងសន្ធោសន្ធៅ ។

ក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញទៅអន្តរាគមន៍ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះចំនួន២គ្រឿង, រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្នួលចំនួន១គ្រឿង, រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមា ០១គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ចំនួន១គ្រឿង បាញ់ទឹកពន្លត់ភ្លើង ៕


អត្ថបទ៖តាតុងសែនជ័យ

