ភ្នំពេញ ៖ ហាងលក់ដូរមួយកន្លែង ខណៈដែលក្រុមជាងកំពុងជួសជុល ស្រាប់តែទុស្សេចរន្តភ្លើងឆាបឆេះបន្ទប់ជាន់ទី១ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ តាមផ្លូវ៥៩០ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ម្ចាស់ហាងឲ្យជាងមួយក្រុមធ្វើការជួសជុល នៅបន្ទប់ជាន់ទី១ ជាចំណុចភ្លើងឆេះ ខណៈដែលក្រុមជាងផ្សារដែកទាំងនោះកំពុងធ្វើការ ចៃដន្យបានដាច់ចរន្តអគ្គិសនី ស្រពេលថ្ងៃត្រង់ផង ភ្លើងដាច់ទៀត ក្រុមជាងបាននាំគ្នាចេញទៅហូបបាយបាត់ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ចរន្តភ្លើងក៏ភ្ជាប់មកវិញ ស្រាប់តែទុស្សេចរន្តភ្លើងក្នុងបន្ទប់ខាងលើឆាបឆេះរាលពេញបន្ទប់ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងចេញទៅអន្តរាគមន៍ ។

ករណីអគ្គិភ័យខាងលើ បណ្តាលឲ្យឆេះខូចខាតសម្ភារៈ បន្ទប់ ពិដាន អស់មួយចំនួន សំណាងល្អមិនបង្កឲ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.