ព្រះសីហនុ ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូExciterល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រកំពុងចតឈប់ស្ងៀម កាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចំណុចផ្លូវបំបែកលោកយាយម៉ៅ ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាកExciter ពណ៌ខ្មៅ គ្មានស្លាកលេខ ជាមធ្យោបាយ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូល្បឿនលឿន ពីកើតទៅលិច ដល់ខំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងកំពុងឈប់ចតចិញ្ចើមផ្លូវ បណ្តាលឲ្យបោកស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូរងខូចខាតខ្ទេច ឃើញសភាពមិនស្រួល រថយន្តកុងតឺន័របានបើកចាកចេញទៅបាត់ស្រមោល បន្សល់ទុកតែជនរងគ្រោះ និងម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចដឹកសពជនរងគ្រោះយកទៅតំកល់ទុកនៅវត្តអូរត្រេះ ដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិ និងបន្តស្រាវជ្រាវរករថយន្តកុងតឺន័រមួយគ្រឿងខាងលើ៕

អត្ថបទ៖តាតុងសែនជ័យ

Share.