ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ក្នុងសភាពស្រវឹង ទៅរកទិញស្រាផឹកបន្ត ម្ចាស់អ្នកលក់មិនលក់ស្រាឲ្យផឹក បែជាផ្ទុះកំហឹងខឹង យកសាំងចាក់ស្រោចដុតឆេះម៉ូតូPCXមួយគ្រឿង ខូចខាតអស់មួយចំហៀង ត្រូវបានពលរដ្ឋពន្លត់ទាន់ រួចចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវចោមចៅ មុខផ្សារកាណាសុីធី ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនបង្កឈ្មោះ មាន រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅស្រុកដងទង់ ខេត្តកំពត ។ ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ជា សុភាព ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ នៅកន្លែងកើតហេតុ មានទីលំនៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ម៉ូតូដែលជនបង្កដុតឆេះ ម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IS-4257 រងខូចខាតអស់មួយចំហៀង ។

តាមសម្តីម្ចាស់ម៉ូតូ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូត្រូវបានប្អូនប្រុសរបស់គាត់ឈ្មោះ ត្រា ភី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ជិះពីផ្ទះមកឈប់ចតមុខតូបកន្លែងលក់ ហើយនៅវេលាម៉ោងខាងលើ ជនបង្កបើកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IH-1747 មកដល់ ក្នុងសភាពស្រវឹង ចុះរកទិញស្រា ដោយឃើញស្រាវឹងខ្លាំងហើយ មិនលក់ស្រាឲ្យផឹកទេ បែជាបុរសរូបនោះខឹង ឡូឡា ទាញយកដកសាំងពីក្នុងម៉ូតូកង់បីមកចាក់ស្រោចលើម៉ូតូរបស់គាត់ ហើយដុតឆេះ បង្កឲ្យផ្អើលឆោឡោ នាំគ្នាជួយពន្លត់ទាន់ រងខូចខាតឆេះអស់មួយចំហៀង រួចនាំគ្នាចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច ។

បើតាមសម្តីបុរសខាងលើវិញបានឲ្យដឹងថា ដើមហេតុមកពីឈ្មោះ ត្រា ភី ជាប្អូនប្រុសរបស់ស្ត្រីអ្នកលក់ ផឹកសុីជុំគ្នាទាក់ពាក្យសម្តីគ្នាមួយប្រ៉ាវ ហើយមកវាយគាត់ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លុះដល់ព្រឹកឡើងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ខឹងពេក បើកម៉ូតូកង់បី ទៅដល់កន្លែងលក់ រកទិញស្រាផឹក ហើយឃើញប្អូនប្រុសរបស់អ្នកលក់ដែលបានវាយគាត់កាលពីយប់កំពុងនៅទីនោះដែរ ខឹងពេកយកសាំងចាក់ស្រោចលើម៉ូតូរួចដុតតែម្តង ។ ជនបង្កត្រូវបានឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ចោមចៅ២ ដើម្បីឲ្យសមត្ថកិច្ច សាកសួរនិងបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

