សិល្បៈជាតិ៖ មួយរយៈពេលចុងក្រោយនេះ គេសម្គាល់ឃើញតារាសិល្បៈដែលចេញពីវិស័យ Beauty Pageant គឺមានទីផ្សារខ្លាំងក្នុងពិភពសិល្បៈដូចជា ផ្នែកសម្ដែង ច្រៀង និងបង្ហាញម៉ូដជាដើម។ ដោយឡែកនៅក្នុងនោះដែរ គេក៏សម្គាល់ទៀតថា ពួកគេគឺសុទ្ធតែជាកូនកាត់ដែលមានឈាមផ្សំ ខណៈដែលពួកគេក៏ទទួលបានប្រជាប្រិយភាពក្នុងឆាកអន្តរ-ជាតិ។
ថ្ងៃនេះ សារព័ត៌មានត្រយង សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់តារា ៦រូប មានឈាមជ័រជាសញ្ជាតិខ្មែរ-បរទេស ដែលកំពុងមានវត្តមានលេចធ្លោលើវិស័យសិល្បៈនាពេលបច្ចុប្បន្ន។
១- កញ្ញា ហង្ស ម៉ានីតា ៖ គឺជាបវរកញ្ញា Miss Universe Cambodia 2022 ដែលជាកូនកាត់ខ្មែរ-បារាំង កញ្ញាមានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិបារាំង។ មុនពេលទទួលតំណែង MUC កញ្ញា ម៉ានីតា ធ្លាប់ជាតារាសម្ដែង ម៉ូដែល និងជាម្ចាស់ជយលាភី Miss Tourism 2016។ សព្វថ្ងៃនេះ កញ្ញាគឺជាតារាស្រីដែលមានទីផ្សារផ្នែកផ្សព្វផ្សាយផលិតផលធំៗដូចជា គ្រឿងអលង្ការពេជ្រ ផលិតផលថែរក្សាសម្រស់ និងទូរស័ព្ទដៃទំនើប Realme ជាដើម។
២-យុវតី ឌៀប សូហ្វៀរ៉ា ៖ គឺជាបវរកញ្ញាតូចជយលាភីលំដាប់រងទី២នៃកម្មវិធី «Little Miss Junior Idol 2023»។ ក្រៅពីមានរូបសម្រស់ស្អាតខ្លាំង តារាស្រីវ័យក្មេងរូបនេះក៏មានសីលធម៌ អត្តចរិកល្អ និងមានសមត្ថភាពរាំ ច្រៀង និងសម្ដែងភាពយន្តថែមទៀត។ កញ្ញាតូចរូបនេះគឺជាកូនកាត់ខ្មែរ-រុស្ស៊ី ដែលមានទីផ្សារខ្លាំងក្នុងពិភពសិល្បៈ ហើយបានក្ដាប់តំណែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្ម LD រួមទាំងផលិតកម្មផ្សេងៗទៀត។ លើសពីនោះ កញ្ញាក៏ជាអ្នកផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនជាច្រើនផងដែរ។
៣-កញ្ញា មេលា ខនស្តេនទីន(Melia Constantin) ៖ គឺជាតារាម៉ូដែលកូនកាត់ខ្មែរ-បារាំង មានម្ដាយជាជនជាតិខ្មែរ ឪពុកជនជាតិបារាំង។ កញ្ញាបានរស់នៅប្រទេសបារាំងតាំងពីតូច ហើយបានផ្លាស់មករស់នៅប្រទេសកម្ពុជាវិញកាលពី ៨ ឆ្នាំមុន។ បច្ចុប្បន្នកញ្ញាមានទីផ្សារខ្លាំងចំពោះការផ្សព្វផ្សាយផលិតឱ្យក្រុមហ៊ុនធំៗដូចជា ផលិតផលរក្សាសម្រស់ នាឡិកាដៃ ធនាគារ និងទូរស័ព្ទដៃទំនើប។ ផ្សេងពីការងារសិល្បៈ កញ្ញាក៏ជាតារាស្រីមួយដួងដែលផ្សារភ្ជាប់ខ្លួនជាមួយការស្រឡាញ់ធម្មជាតិ និងជាអ្នកចូលរួមអភិរក្សសត្វដំរីនៅកម្ពុជា។
៤-យុវតី មីន ឈើរី ( Cherry Min) ៖ គឺជាបវរកញ្ញាតូចកម្ពុជាដែលបានចូលរួមប្រកួត Little Miss Cambodia 2023 កូនកាត់ខ្មែរ-អាល្លឺម៉ង់ មានម្ដាយជាជនជាតិខ្មែរ ឪពុកអាល្លឺម៉ង់។ នៅក្នុងវិស័យសិល្បៈ យុវតីរូបនេះទើបតែបង្ហាញមុខក្នុងការសម្ដែងភាពយន្តកម្រិតអន្តរជាតិ គឺរឿង «ពពិលខ្មៅ» និងកម្មវិធីដើរម៉ូដធំៗរបស់លោក អូលីវ៉ា គង់។ នាងតូច មីន ឈើរី ក៏ត្រូវបានផលិតករ និងម្ចាស់ក្រុមហ៊ុនធំៗជាច្រើនទៀត សម្លឹងឃើញពីសមត្ថភាព រូបសម្រស់ និងភាពឆ្លាតវៃរបស់នាងផងដែរ។
៥–កញ្ញា ម៉ារៀន ក្លេស (Marianne Clais )៖ ឬមានឈ្មោះជាភាសាខ្មែរថា សោម៉ា មានឪពុកជាជនជាតិបារាំង និងម្ដាយជាជនជាតិខ្មែរ។ តារាម៉ូដែលរូបនេះ គឺជាអ្នកគ្រប់គ្រង និងជាម្ចាស់ជំនួញសណ្ឋាគារមួយកន្លែងនៅភ្នំពេញ។ ជានិច្ចជាកាល កញ្ញាតែងតែបង្ហាញសកម្មភាពនៅលើបណ្ដាញសង្គមក្នុងការចូលរួមផ្សព្វផ្សាយ និងអភិរក្សធម្មជាតិ សត្វដំរី។ រហូតមកទល់សព្វថ្ងៃនេះ មានមហាជនជាច្រើននាក់ទទូចចង់ឱ្យកញ្ញាចូលមកប្រកួតបវរកញ្ញាខ្លាំងណាស់ ប៉ុន្តែកញ្ញាកំពុងតែគិតពីកត្តានេះ។
៦- កញ្ញា ស៊ីន យូប៊ីន ៖ គឺជាអតីត Freshie Girl លេខ១ ជំនាន់ទី ១១ ក្នុងឆ្នាំ ២០១២។ កញ្ញាគឺជាតារាកូនកាត់ខ្មែរ- ថៃ ដែលមានម្តាយជាជនជាតិខ្មែរហើយឪពុកជាជនជាតិថៃ។ កញ្ញាគឺជាតារាសម្ដែងស្រី ដែលកំពុងតែក្ដោបបានប្រជាប្រិយភាពខ្លាំងក្នុងពិភពសិល្បៈ មិនត្រឹមតែមានទេពកោសល្យ និងសមត្ថភាពក្នុងការសម្ដែងខ្សែភាពយន្តនោះទេ កញ្ញាថែមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយរូបសម្រស់ និងសមត្ថភាពដើរម៉ូដថែមទៀត ។ ក្រៅពីទីផ្សារក្នុងស្រុកហើយនោះ កញ្ញា យូ ប៊ីន ក៏មានមុខក្នុងទីផ្សារអន្តរជាតិដូចគ្នា ដែលថ្មីៗនេះកញ្ញាទើបតែឡប់ពីការដើរម៉ូដនៅក្នុងលើកម្រាលព្រំក្រហមមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង៕




Processed with VSCO with l9 preset 





























