កំពង់ស្ពឺ ៖ ជនដៃដល់ម្នាក់ ជាមនុស្សញៀនថ្នាំ ប្រើកាំបិតកាប់លើស្ត្រីម្នាក់ រួមជាមួយកូនតូច អាយុទើប៦ខែ ដែលត្រូវជាបងប្អូនដែរនោះ ក្រោយពីធ្វើសកម្មភាពរួច រត់គេចឡើងភ្នំកក់ ចូលព្រៃលាក់ខ្លួន កាលពីព្រឹកថ្ងៃទី២៦ ម្សិលមិញនេះ មកដល់វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ជនសង្ស័យបានចុះពីលើភ្នំ ចូលខ្លួនសារភាពនៅសាលាឃុំកក់ហើយ។

ករណីឃាតកម្មខាងលើ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះ ឡាយ ទ្រី ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សញៀនថ្នាំ ធ្លាប់ជាប់ពន្ធនាគារ រស់នៅក្នុងភូមិកើតហេតុ ។
ស្ត្រីរងគ្រោះឈ្មោះឈៀង សុខគឿន អាយុ២៤ឆ្នាំ ជាស្ត្រីម៉េម៉ាយ និងកូនស្រីឈ្មោះ ផាត ណាទី អាយុ៦ខែ រស់នៅក្នុងភូមិកើតហេតុ ។

ជនសង្ស័យបានសារភាពថា មកពីខឹងនឹងជនរងគ្រោះពេក ព្រោះកន្លងមកចេះតែស្លោះទឹកមាត់ នៅមុខរូបគេ ទើបនៅព្រឹកម្សិលមិញនេះទ្រាំលែងបានកាប់ទាំងម្តាយនិងកូន រួចរត់ឡើងទៅលើភ្នំកក់ លាក់ខ្លួនក្នុងព្រៃអស់មួយយប់មួយថ្ងៃ អត់បាយទឹក ទើបចុះមកចូលសារភាព ។

ជនសង្ស័យក្រោយចូលសារភាពនៅសាលាឃុំកក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅការិយាល័យជំនាញ ស្នងការខេត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

