
អនាគតប្រធានក្រុម West Ham United គឺខ្សែបម្រើការពារ Declan Rice ជនជាតិអង់គ្លេស វ័យ២៤ឆ្នាំ ស្ថិតក្នុងស្ថានភាពមិនច្បាស់ បន្ទាប់ពីក្រុមធំៗជាច្រើនដូចជា Bayern Munich, Man United, Cheslea, Man City និង Arsenal ចង់បានរូបគេទៅចូលរួម។
ខណ:ក្រុមកាំភ្លើងធំ Arsenal របស់លោក Mikel Arteta ហ៊ានផ្តល់តម្លៃខ្លួនរហូតដល់ ១០០លានផោន និងបន្ថែម ៥លានផោនទៀត ដើម្បីនាំយក Declan Rice ពោលគឺ១ថ្ងៃ បន្ទាប់ពី West Ham បដិសេធ Man City ដែលផ្តល់ត្រឹមតែ ៨០លានផោន បូកបន្ថែម ១០លានផោន។

ខ្សែបម្រើការពារ Declan Rice បានជួយឲ្យក្លិបបាល់ទាត់ West Ham United គ្រងជើងឯកនៃពានរង្វាន់ UEFA Europa Conference League រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ ACF Fiorentina ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Fortuna Arena។
នេះគឺការឈ្នះជើងឯកលើកដំបូងរបស់ក្លិបបាល់ទាត់ West Ham United ក្នុងរយ:ពេល ៤៣ឆ្នាំ ក្រោយខកខានតាំងពីឆ្នាំ ១៩៨០ ខណ:ពានរង្វាន់ចុងក្រោយដែលក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងកើតនេះឈ្នះគឺ FA Cup។
Declan Rice គឺជាថ្នាលយុវជនរបស់ Chelsea អំឡុងឆ្នាំ ២០០៦-១៤ និង West Ham ឆ្នាំ ២០១៤-១៧ ហើយត្រូវបាន West Ham ដំឡើងទៅឈុតធំនៅឆ្នាំ ២០១៧ ដោយបង្ហាញខ្លួនសរុប ២០៤ប្រកួត ស៊ុត៣គ្រាប់ ឈ្នះពាន ១គ្រឿង៕


