កំពង់ធំ ៖ បុរសម្នាក់ដែលគេអះអាងថាមានជំងឺប្រសៃប្រសាទផងនោះ ប្រដាប់ដោយកាំបិតកាប់ផ្តាច់ជីវិតប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម ហើយរត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ ដោយសារប្រច័ណ្ឌនឹងកូនប្រសារ និងកូនបង្កើតខ្លួនឯង។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ស្ត្រីជាប្រពន្ធមានឈ្មោះ អួន ណៃ អាយុ៥៥ឆ្នាំ មុខរបរចុងភៅនៅសាលាភូមិស្រែ ។ ចំណែកបុរសជាប្តីមានឈ្មោះ សុត ជឿន អាយុ៥២ឆ្នាំ ជាមនុស្សសរសៃប្រសាទ ។

តាមប្រភពបានឲ្យដឹងថា បុរសជាប្តី ខណៈដែលមានជម្ងឺសរសៃប្រសាទ ចេះតែរករឿងប្រពន្ធ ក្នុងន័យប្រច័ណ្ឌ ទៅលើកូនប្រសារ និងកូនបង្កើតខ្លួនឯង តែទោះជាយ៉ាងណាក្តី អ្នកភូមិ អ្នកស្រុកក៏មិនជឿដែរ ដោយសារបុរសខាងលើជាមនុស្សសរសៃប្រសាទ ព្យាយាមនិយាយអប់រំផ្លូវចិត្តយ៉ាងណាក្តី នៅតែឈ្លោះរករឿងប្រពន្ធ កូនជារឿយៗ ស្រាប់តែនៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលប្រពន្ធកំពុងដេកនៅខាងក្រោមផ្ទះ ត្រូវបានបុរសជាប្តីប្រដាប់ដោយកាំបិតចូលទៅកាប់ត្រូវចំក្រោមត្រចៀកខាងស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង រួចរត់គេចខ្លួន បង្កឲ្យភ្ញាក់ផ្អើល បងប្អូនប្រជាពលរដ្ឋរក ស្រាប់តែប្រទះឃើញបុរសជាប្តី ចងកសម្លាប់ខ្លួននៅដើមស្វាយចន្ទី ខាងក្រោយផ្ទះ ប្រមាណ៥០០ម៉ែត្រ ។

ករណីខាងលើត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សាកសពទាំង២នាក់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

