ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នៃអធិការដ្ឋានខណ្ឌដង្កោម្នាក់ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ដោយពុំទាន់ដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែលជា៩ យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អេង សុខរី ភេទប្រុស អាយុ ២០ ឆ្នាំ ជាងមុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឮសូរសំឡេងផ្ទុះអាវុធចំនួន ៣ គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន ដោយបាញ់ទៅលើចំនួន ២ គ្រាប់និងបាញ់ខ្លួនឯង១ គ្រាប់ បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ។ក្នុងករណីខាងលើនេះពុំទាន់ដឹងពីមូលហេតុនៅឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការហ៊ុមព័ទ្ធធ្វើការស្រាវជ្រាវ និងធ្វើកុសលវិច្ច័យ ដើម្បីប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖​ទូច វិច្ឆិកា

Share.