សិល្បៈជាតិ៖ តារាចម្រៀងស្រី យ៉ាន់ សុជាតា ត្រូវបានមហាជនកត់សម្គាល់ឃើញថា ជាតារាចម្រៀងស្រីដែលមានទេពកោសល្យ គួបផ្សំជាមួយការខិតខំប្រឹងប្រែង និងការតស៊ូក្នុងឆាកជីវិត ទោះបីជាមុនចូលសិល្បៈកញ្ញាឆ្លងកាត់ឧបសគ្គជាច្រើន រហូតសម្រេចបំណងបានចូលច្រៀងនៅក្នុងផលិតកម្មល្បី។ តើកញ្ញាមានប្រវត្តិសិល្បៈបែបណា?

ម្ចាស់បទកំពុងល្បីរូបនេះ កាន់តែធ្វើឱ្យមហាជនស្គាល់កាន់តែច្បាស់ថែមទៀតនៅពេលបញ្ចេញបទចម្រៀងថ្មីក្នុងផលិតកម្មថោន ដែលមានចំណងជើងថា «ធ្វើអីដឹងខ្លួនឯងហើយ» ហើយមួយបទនេះកំពុងតែផ្ទុះការគាំទ្រខ្លាំង ជាពិសេសនៅលើបណ្ដាញសង្គម TikTok។
យ៉ាងណាមិញ កញ្ញា យ៉ាន់ សុជាតា បានរំលឹកប្រវត្តិនៃការតស៊ូដើរលើវិថីសិល្បៈនេះក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍បាយ័នថា កញ្ញាធ្លាប់ឆ្លងកាត់ការប្រឡងចម្រៀងនៅក្នុងកម្មវិធី GATSBY Talent នៅក្នុងឆ្នាំ ២០១៦ ហើយទទួលបានជយលាភីលេខ ១ ផ្នែកវិញ្ញាសាចម្រៀង។ កញ្ញារំលឹកថា កាលនុះកញ្ញានៅវ័យក្មេងនៅឡើយ ហើយត្រូវឆ្លៀតបន្តការសិក្សាបន្ថែមផង និងត្រូវឆ្លៀតធ្វើការងារសិល្បៈផង ទើបបានជាកញ្ញាមិនសូវលេចមុខខ្លាំងក្នុងពិភពសិល្បៈ។ រហូតដល់ឆ្នាំ ២០២៣នេះ កញ្ញាក៏បានជម្នះឧបសគ្គ ហើយសម្រេចក្ដីស្រមៃខ្លួនឯង ដោយបានក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មថោន។
ងាកមកបទចម្រៀងល្បី «ធ្វើអីដឹងខ្លួនឯងហើយ» បានបង្ហោះផ្សាយនៅលើបណ្ដាញសង្គមយូធូបនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ ដែលជាញាក់កន្ទ្រាក់អារម្មណ៍រាំសប្បាយនៅក្នុងពេលពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ។ ប៉ុន្តែមួយបទនេះក៏ត្រូវបានអ្នកលេងបណ្ដាញសង្គម TikTok គាស់កកាយលើកយកមករាំតាមឡើងវិញ រហូតកំពុងតែផ្ទុះការគាំទ្រខ្លាំងពាសពេញ TikTok។
សូមជម្រាបថា កញ្ញា យ៉ាន់ សុជាតា ត្រូវបានហ្វេនសម្គាល់ឃើញថា ជាតារាស្រីដែលមានស្ទាយច្រៀង និងបង្កើតក្បាច់រាំថ្មីៗដូចជាកញ្ញា រ៉ាប៊ី ដែរ ខណៈដែលកញ្ញាអាចនឹងក្លាយជាគ្រាប់ពេជ្ររបស់ថោនបន្ទាប់ពីកញ្ញា រ៉ាប៊ី វិវឌ្ឍន៍ខ្លួនជាតារាឯករាជ្យមិនមានកុងត្រាឱ្យផលិតកម្មណាទៀតហើយ៕






