ព្រៃវែង ៖ ករណីឃាតកម្មសម្លាប់២នាក់ម្តាយកូននៅខេត្តព្រៃវែង ត្រូវបានកម្លាំងសមត្ថកិច្ច កម្លាំងជំនាញ បំបែកសំណុំរឿងហើយ ឈានដល់ចាប់ខ្លួនជនសង្ស័យបាន២នាក់ ផ្តើមចេញពីភ្លើងប្រច័ណ្ឌ រវាងប្តីរបស់ស្ត្រីដៃដល់ ជាមួយស្ត្រីរងគ្រោះ រហូតដល់នាំបុរសម្នាក់ទៀតទៅរំលោភ បានសម្រេចហើយ សម្លាប់ជនរងគ្រោះ២នាក់ម្តាយកូនចោល រួចដុតខ្ទមជាក្រោយ បង្វែរជារឿងភ្លើងឆេះផ្ទះ លាក់មិនជិត កម្លាំងជំនាញស៊ើបអង្កេត ស្រាវជ្រាវរយៈពេល២ថ្ងៃ ចាប់បានជនដៃដល់២នាក់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅ ក្នុងភូមិ ព្រៃល្វាយ ឃុំ ទឹកថ្លា ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ នួន ទូច ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត ។ ទី២ ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកជនរងគ្រោះ ឈ្មោះ ប៉យ យឹម ហៅម៉ែអាចាន់ ហៅខ្លូត ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ២ឆ្នាំ។

យោងតាមការសាកសួរ និងចម្លើយសារភាព ស្ត្រីដៃដល់មានភ្លើងប្រច័ណ្ឌរវាងប្តីរបស់ខ្លួន ជាមួយស្ត្រីរងគ្រោះ ព្រោះក្នុងអំឡុងខែឧសភា ឃើញប្តីរបស់ខ្លួនមានទំនាក់ទំនងជាមួយស្ត្រីរងគ្រោះ ស្និទ្ធស្នាលគ្នា លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ទិញស្រាមកផឹកហើយ ទៅបបួលបុេសឈ្មោះ មុំ ញ៉េប ត្រូវជាកូនជាងរបស់ប្តី រួចទិញស្រាកន្លះលីត្រមកផឹកទៀត រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃដដែល បបួលបញ្ចុះបញ្ចូល ជនសង្ស័យ មុំ ញ៉េប ទៅរំលោភជនរងគ្រោះដល់ផ្ទះ ក្នុងរូបភាពយកខ្សែរឹតកហើយរំលោភ ខណៈដែលជនរងគ្រោះកំពុងដេកក្នុងផ្ទះ រហូតបានសម្រេចហើយ រឹតករហូតដល់ស្លាប់ លុះកូនប្រុសភ្ញាក់ ស្ត្រីសង្ស័យចាប់បោក ហើយជាន់កបន្ថែមរហូតដល់ស្លាប់ បែកគំនិតឲ្យជនសង្ស័យដុតផ្ទះចោល ដើម្បីឲ្យអ្នកភូមិឃើញថា ភ្លើងឆេះផ្ទះ ស្លាប់ស្ត្រី២នាក់ម្តាយកូន ។

តែទោះជាយ៉ាងណាក្តី ករណីឃាតកម្មខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច អង្គការCPU អង្គការស្រាវជ្រាវ កម្លាំងជំនាញស្នងការខេត្ត ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវរយៈពេល២ថ្ងៃ តាំងពីព្រឹកថ្ងៃទី២៥ ដល់ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ប្រមូលបានវត្ថុតាង កំណត់បានមុខសញ្ញា មិនមែនភ្លើងឆេះផ្ទះ ស្លាប់ជនរងគ្រោះនោះទេ តាមពិតជាករណីឃាតកម្ម រំលោភសម្លាប់ ហើយដុតផ្ទះចោល ឈានដល់ឃាត់ខ្លួនស្ត្រីដៃដល់ និងបក្ខពួក រួមគំនិតគ្នាស្លាប់ ព្រោះរឿងប្រច័ណ្ឌ ។

ជនសង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លួន នាំធ្វើត្រាប់នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ រួចនាំទៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុងសែនជ័យ

