ភ្នំពេញ ៖ ម៉ូតូHONGDA Beat មួយគ្រឿងជិះដោយមន្ត្រីយោធាម្នាក់ក្នុងល្បឿលឿន បានវ៉ាក់អើជ្រុលបុកពីទទឹងរថយន្តបែន កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងសងខាង ម៉ូតូចូលក្រោមរថយន្តកល់ជាប់កង់ខូចខាតខ្ទេច ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ចំណុចខាងមុខផ្សារដើមគថ្មី ក្នុងភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូ ម៉ាកHONGDA Beat ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AC-1550 ជិះដោយមន្ត្រីយោធា ឈ្មោះ ឡុង សុីណា រងរបួសធ្ងន់ បាក់ជើងសងខាង ។ ចំណែកភាគីរថយន្តបែន ម៉ាកDONGFENG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-3323 បើកបរដោយបុរសម្នាក់ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូល្បឿនលឿន តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ វ៉ាក់អើ ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីទទឹងរថយន្តបែន ដែលបើកពីកើតទៅលិច កំពុងបត់ឆ្លងផ្លូវ ពីជើងទៅត្បូង បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ បាក់ជើង ម៉ូតូកល់ជាប់កង់រថយន្តរងខូចខាតខ្ទេច ។

ជនរងគ្រោះក្រោយកើតហេតុភ្លាមៗត្រូវបានរថយន្តគ្លីនិឯកជនដឹកយកទៅ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាក់ស្តែងរួច ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក និងកសាងសំណុំតាមនីតិវិធី ៕


អត្ថបទ៖ តាតុងសែនជ័យ

