ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ខឹងឈ្មោះជាមួយប្រពន្ធ ផឹកស្រាស្រវឹង៣ថ្ងៃជាប់គ្នាមកហើយ ស្រាប់តែពេលនេះ ក្រោយផឹកស្រវឹងជិះម៉ូតូបបោលលឿនជ្រុល ទៅបុកពីក្រោយម៉ូតូរុឺម៉កលក់បបរ កំពុងបើកចិញ្ចើមផ្លូវទាំងកំរោល បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ស្លាប់ពេលដែលរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកអ្នកលក់បបរ រងរបួសស្រាល រុឺម៉កដាច់កង់បាក់បែក កំពប់បបរអស់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ទឹម ភា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកម្មករសំណង់ នៅបុរីឡាយគង់ ចោមចៅ មានប្រពន្ធឈ្មោះ ឈឹម សុខុន អាយុ៣៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានកូនចំនួន៣នាក់ ប្រុស២នាក់ និងស្រី១នាក់ ស្នាក់នៅផ្ទះជួល ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ភាគីខាងម៉ូតូរុឺម៉កលក់បបរ ឈ្មោះ ហេង គឹមស៊ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ដើរលក់បបរតាមរុឺម៉ក រស់នៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CD-0828 ជាមធ្យោបាយ ។

បើតាមស្ត្រីឈ្មោះ ឈឹម សុខុន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានស្លាប់នោះ បានឲ្យដឹងថា ចំនួន៣ថ្ងៃមកហើយប្តីរបស់គាត់ខឹងឈ្លោះជាមួយគាត់ រករឿង ផឹកស្រវឹង៣ថ្ងៃជាប់គ្នា លុះមកដល់រសៀលថ្ងៃនេះ មុនកើតហេតុ ជិះម៉ូតូទៅរកបើកលុយនៅការដ្ឋានសំណង់រួចផឹកសុីស្រវឹង ជិះម៉ូតូវិលមកផ្ទះវិញ ក៏ជួបរឿងហេតុបែបនេះតែម្តង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីម ជិះដោយជនរងគ្រោះ ស្រវឹងស្រា បើកបរម៉ូតូល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បុកពីក្រោយម៉ូតូរុឺម៉កលក់បបរកំពុងបើកពីជើងទៅត្បូងស្របគ្នាទាំងកំរោល បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ រងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់នៅពេលដែលរថយន្តគ្លីនិករស្មីដឹកយកទៅ ចំណែកអ្នកលក់បបររងរបួសស្រាល រុឺម៉កបាក់បែកខ្ទេច កំពប់បបរអស់ ។

សពជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជន រស្មី ដឹកវិលត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យស្លាកស្នាមរួច ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅឯស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូរុឺម៉ក និងម៉ូតូ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងប្រមូលយកទៅរក្សាទុកនិងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.