បាត់ដំបង ៖ បុរសម្នាក់ចេញទៅឆក់ត្រី ភ្លាត់ស្នៀតបែជាឆ្លងឆក់ស្លាប់ខ្លួនឯង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងអូរមួយកន្លែង ត្រង់ចំណុចក្បាលក្របី ស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ ឡុង មករា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុ ។

តាមការបំភ្លឺពីស្ត្រីឈ្មោះ ឡុង ចន្ធូ អាយុ៣៧ឆ្នាំ ដែលត្រូវជាបងបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានយកឧបករណ៍ទៅឆក់ត្រីក្នុងអូរ ស្រាប់តែមួយសន្ទុះក្រោយមក ពលរដ្ឋអ្នកភូមិស្រែកប្រាប់ ជនរងគ្រោះឆក់ចរន្តភ្លើង ទើបផ្អើលឆោឡោរត់ទៅមើល ប្អូនប្រុសដេកដួលស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច័យ ឃើញថា ជនរងគ្រោះត្រូវបានឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ស្លាប់ពិតប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

