ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសជើងធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូធុនធំYAMAHA FZជិះលើផ្លូវបញ្ច្រាសទៅបុកស្ត្រីកំពុងជិះកង់ច្រាសទិសរុញផ្ទប់នឹងម៉ូតូធុនធំមួយគ្រឿងទៀតម៉ាកCBR កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្ត្រីម្នាក់ជិះកង់ រងរបួសធ្ងន់ មានឈ្មោះ មឿន ចាន់ណាវីន អាយុ៣២ឆ្នាំ មុខរវរកម្មកររោងចក្រ មានទីលំនៅក្បែរកន្លែងកើតហេតុ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូធុនធំ ម៉ាកYAMAHA FZ ពណ៌ខ្មៅ ជិះពីលិចទៅកើត លើផ្លូវបញ្ច្រាស ដល់ចំណុចកើតហេតុ ជ្រុលទៅបុកស្ត្រីជិះកង់ ច្រាសទិស រុញបុកផ្ទប់នឹងម៉ូតូធុនធំមួយគ្រឿងទៀត ម៉ាកCBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ FB-10678 កំពុងជិះពីកើតទៅលិច ច្រាសទិសគ្នា បណ្តាលឲ្យស្ត្រីជិះកង់រងរបួសធ្ងន់ ចំណែកបុរសជិះម៉ូតូសងខាងមិនមានរងរបួស ។

ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯម៉ូតូ២គ្រឿងនិងកង់មួយគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រងចាំភាគីទាំង៣ដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.