ឆ្មាំសមុទ្រអាមេរិកបាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍នេះថា ក្រុមអ្នកជំនាញបានរកឃើញសាកសពមនុស្សដែលគេសន្មត់ថា បានមកពីក្នុងកម្ទេចកម្ទីនៃនាវាមុជទឹក Titan ដែលបានបាត់ខ្លួនក្នុងអំឡុងពេលជ្រមុជទឹក ទៅដល់កប៉ាល់ទីតានិក ជាមួយនឹងមនុស្ស ៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ទីភ្នាក់ងារនេះបាននិយាយថា «អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់សហរដ្ឋអាមេរិកនឹងធ្វើការតេស្ដ និងវិភាគជាផ្លូវការ អំពីឆ្អឹង និង បំណែកសាកសពមនុស្សដែលត្រូវបានគេសន្មត់ថា ត្រូវបានរកឃើញឡើងវិញ ក្នុងការស្រាវជ្រាវដោយប្រុងប្រយ័ត្នបំផុតនេះ»។

អ្នកជិះនៅលើនាវា Titan មានដូចជា៖ មហាសេដ្ឋីអង់គ្លេស ឈ្មោះ Hamish Harding អាយុ ៥៨ឆ្នាំ , មហាសេដ្ឋីប៉ាគីស្ថាន ឈ្មោះ Shahzada Dawood អាយុ ៤៨ឆ្នាំ ជាមួយកូនប្រុសរបស់គាត់ ឈ្មោះ Suleman អាយុ ១៩ឆ្នាំ , អ្នករុករកជនជាតិបារាំងឈ្មោះ Paul-Henri Nargeolet អាយុ ៧៧ឆ្នាំ និង លោក Stockton Rush ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OceanGate Expeditions។

ពួកគេត្រូវបានសន្មត់ថា បានស្លាប់ភ្លាមៗនៅពេលដែលកប៉ាល់ Titan ដែលមានទំហំស្មើនឹងរថយន្ត SUV បានធ្លាក់នៅក្រោមសម្ពាធនៃមហាសមុទ្រអាត្លង់ទិកខាងជើង ក្នុងជម្រៅជាង ២ម៉ាយ ឬស្មើនឹង (៣.២គីឡូម៉ែត្រ)។

កម្ទេចកម្ទីដែលយកបានពីនាវាមុជទឹកខ្នាតតូចនេះដូចជា ក្បាលនាវា និង បន្ទះដ៏ធំមួយដែលមើលទៅហាក់បីដូចជាចុងកន្ទុយរបស់វា ត្រូវបានយកចេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅភាគខាងកើតប្រទេសកាណាដា ដែលនាំឲ្យមានការបញ្ចប់ប្រតិបត្តិការស្វែងរក និងការសង្គ្រោះដ៏លំបាកមួយនេះ។ ទាក់ទិននឹងបញ្ហានេះ មន្រ្តីកាណាដា បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើការស្រង់យកមកវិញនូវកម្ទេចកម្ទីតូចៗនៃនាវាមុជទឹកនេះទេ។

យ៉ាងណាម៉ិញ គេមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណបំណែកសពដែលរកឃើញថាជារបស់នរណាក្នុងចំណោមអ្នកទាំង៥ ឬ ក៏មិនមែនជាសាកសពរបស់ពួកគេនោះទេ។

អង្គការនេះបាននិយាយថា កម្ទេចកម្ទីទាំងនោះឥឡូវនេះ នឹងត្រូវដឹកតាមកប៉ាល់ទៅកាន់កំពង់ផែមួយនៅសហរដ្ឋអាមេរិកសម្រាប់ការវិភាគបន្ថែមទៀត។

ជាមួយគ្នា លោកកាពីទែន Jason Neubauer បាននិយាយថា «នៅមានការងារច្រើនសន្ធឹកសន្ធាប់ដែលត្រូវធ្វើ ដើម្បីស្វែងយល់ពីកត្តាដែលនាំឲ្យបាត់នាវាមុជទឹក Titan និង សិក្សាបន្ថែមដើម្បីធានាថា សោកនាដកម្មស្រដៀងគ្នានេះមិនកើតឡើងម្តងទៀត” ។

សូមជម្រាបថា នាវាមុជទឹក Titan នេះបានធ្វើដំណើរចុះទៅបាតសមុទ្រអាត្លង់ទិកខាងជើង ដើម្បីមើលខ្មោចកប៉ាលទីតានិកដែលមានអាយុកាលជាង ១០០ឆ្នាំ ហើយបានបាត់ការទាក់ទងក្រោយចេញដំណើរពីកប៉ាល់លើផ្ទៃទឹកខាងលើបានរយៈពេល ១ម៉ោង៤៥នាទី កាលពីថ្ងៃទី១៨​ ខែមិថុនា ហើយមានការជួយខិតខំស្វែងរកជាច្រើនថ្ងៃរហូតឆ្មាំសមុទ្រអាមេរិកបានប្រកាសជាផ្លូវការថា នាវានោះបានផ្ទុះសម្លាប់មនុស្សទាំង ៥នាក់នោះអស់ហើយ ក្រោយរកឃើញបំណែកនាវានោះនៅចម្ងាយ ៥០០ម៉ែត្រ ពីធ្នូនៃកប៉ាល់ទីតានិកដែលស្ថិតក្រោមផ្ទៃមហាសមុទ្រជម្រៅជាង ៣ពាន់ម៉ែត្រ ឬ ស្មើនឹង ៤គីឡូម៉ែត្រពីផ្ទៃទឹក នៅឆ្នេរសមុទ្រនៃទីក្រុង Newfoundland ប្រទេសកាណាដា៕

ប្រភព៖ CNA

Share.