សិល្បៈអន្តរជាតិ៖ ថ្មីៗនេះ សមាជិកក្រុមចម្រៀងបុរស SHINee ទាំងអស់គ្នាបានបង្ហាញវត្តមានក្នុងកម្មវិធីកម្សាន្តមួយរបស់ទូរទស្សន៍កូរ៉េ MBC ដើម្បីប្រម៉ូដបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា « Hard»។ ហ្វេនបានឃើញពីសភាពបច្ចុប្បន្នរបស់ Onew ដែលជាមេក្រុមមើលទៅស្គមស្គាំង ទ្រុឌទ្រោមគ្មានកម្លាំងកំហែង គួរឱ្យព្រួយបារម្ភខ្លាំង។ នេះបើតាមការផ្សាយរបស់ Allkpop នាពេលថ្មីៗនេះ។

មែនទែនទៅ មួយរយៈចុងក្រោយនេះ Onew ត្រូវបានផលិតកម្មបង្គាប់ឱ្យផ្អាកការងារមួយរយៈសិន ដើម្បីស្ដារស្ថានភាពសុខភាពឡើងវិញ។ SM Entertainment បានចេញសេចក្ដីថ្លែងការណ៍ថា ៖ «បន្ទាប់ពីបញ្ចប់កម្មវិធី Fan Meeting គម្រប់ខួប ១៥ ឆ្នាំនៅអំឡុងខែឧសភា សមាជិករបស់ក្រុម SHINee ទើបតែបង្ហើយការសម្រេចបាននូវការត្រៀមបញ្ចេញអាល់ប៊ុមចុងក្រោយបំផុតទី ៨ និងចាប់ផ្ដើមផែនការការប្រគំតន្ត្រីនៅខែមិថុនា។ តែយ៉ាងណាក៏ដោយ Onew នៅមានស្ថានភាពសុខភាពទ្រុឌទ្រោម និងបានទៅជួយគ្រូពេទ្យជំនាញដើម្បីប្រឹក្សា ក៏បានទទួលការណែនាំថា ត្រូវសម្រាកព្យាបាលសុខភាពមួយរយៈពេលសិន»។

ការបង្ហាញមុខ Onew ក្នុងកម្មវិធី “Point Of Omniscient Interfere” បើទោះបីជាមើលទៅដូចជាមនុស្សស្រស់បស់បង្ហាញស្នាមញញឹមមកអ្នកគាំទ្រក៏ពិតមែន ប៉ុន្តែលោកពិតជាមានបញ្ហាសុខភាពដែលប្រឈមគ្រោះថ្នាក់ដល់ជីវិត ហើយខាងផលិតកម្មក៏បានគិតគូដល់រូបលោកយ៉ាងដិតដល់ផងដែរ។
ដោយឡែក Onew បានបន្លប់ចិត្តហ្វេនអ្នកគាំទ្រ និងប្រាប់ទៅកាន់ពួកគេវិញកុំឱ្យបារម្ភ ដោយរៀបរាប់ថា ៖«ខ្ញុំគិតថាអាចនឹងមានការយល់ច្រឡំ ឬមានកំហុសឆ្គងមួយ។ ប៉ុន្តែខ្ញុំបានធ្វើការសម្រេចចិត្តលើកនេះហើយ គឺដើម្បីការពារអ្វីដែលខ្ញុំចង់ការពារ។ ហើយដោយសារតែអនាគតគឺសំខាន់ជាង ទោះជាយ៉ាងណា សូមមានសុភមង្គល និងមានសុខភាពល្អ! ដូច្នេះយើងអាចចំណាយពេលសម្រាកក្នុងថ្ងៃដ៏រីករាយ»៕


