ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក១០ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់រួមនឹងគ្រឿងញៀនជាង២០គីឡូ និងសារធាតុគីមីផ្សំជាង១០០គីឡូ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០១និង៤០នាទី កម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ក្រាប នៅចំណុច ខុនដូរ ដឺភីច (The Peach) បន្ទប់លេខ២៨០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ូ ហ័រ ជិន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន រួមទាំងវត្ថុតាងថ្នាំញៀនជាង ២៣គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម។


វត្ថុតាងចាប់យកបានរួមមាន សារធាតុញៀន០៣ប្រភេទ ទម្ងន់ ២៣គីឡូ ៦៨៦ក្រាម មេតំហ្វេតាមីនទម្ងន់ ១៣២,៣៣ក្រាម, កេតាមីន ទម្ងន់ ៩៨៤,២៩ក្រាម  និងប្រភេទ MDMA ទម្ងន់ ២២គីឡូ ៥៧០.០៥ក្រាម , សារធាតុផ្សំមិនច្បាស់ទម្ងន់ ១២២គីឡូ ៩៣៤ក្រាម នឹងសម្ភារកែច្នៃមួយចំនួនទៀត ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.