សិល្បៈជាតិ ៖ មុននេះបន្តិច សារព័ត៌មានត្រយងបានទទួលដំណឹងថា តារាចម្រៀងប្រុស យឿន សូតអនុស្សវរីយ៍ បានប្រកាសចាកចេញពីផលិតកម្ម សាន់ដេ ដែលជាទ្រនំធ្លាប់ជ្រកអស់រយៈពេលជាច្រើនឆ្នាំ និងបានសាងកេរ្តិ៍ឈ្មោះឱ្យលោកមានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈចម្រៀង។

លោក យឿន សូតអនុស្សវរីយ៍ បានប្រកាសប្រាប់មហាជននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «ខ្ញុំបាទ យឿន សូតអនុស្សាវរីយ៍ សូមប្រកាសជាសាធារណៈថាខ្ញុំបាទបានបញ្ចប់កុងត្រាការងារជាមួយផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ជាផ្លូវការហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំដែលខ្ញុំបាទបានរួមរស់ក្រោមដំបូលសាន់ដេពិតជាទទួលបានភាពកក់ក្តៅនិងការជួយជ្រោមជ្រែងជាច្រើនរាប់មិនអស់ ខ្ញុំបាទមានថ្ងៃនេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចថ្លៃបានរបស់គ្រួសារសាន់ដេ ពេលវេលាកន្លងមកធ្វើឱ្យខ្ញុំបាទចងចាំមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ»។

លោកបន្តថា ៖ « គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ ប៉ុន្តែអនុស្សាវរីយ៍ល្អៗជាច្រើនរាប់មិនអស់បានដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំជានិច្ចនិរន្តរ៍។ ជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលបានគាំទ្រខ្ញុំបាទតាំងពីដើមរហូតដល់បច្ចុប្បន្ន។ សូមទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ អនុស្សាវរីយ៍»។

គួររំលឹកដែរថា តារាចម្រៀង យឿន សូតអនុស្សវរីយ៍ លោកមានស្រុកកំណើតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានបងប្អូនចំនួន ៧នាក់ ហើយលោកជាកូនពៅក្នុងគ្រួសារ។ មុនក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោកធ្លាប់ចូលរួមប្រឡងចម្រៀងកម្មវិធី ពេជ្យកំពុងច្នៃ របស់ស្ថាននីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ុន្តែលោកមិនទទួលបានជយលាភីឡើយ។ ក្រោយមកលោកក៏ទទួលបានការជ្រោមជ្រែង និងដុសខាត់សមត្ថភាព កេរ្ដិ៍ឈ្មោះ បានចូលច្រៀងក្នុងផលិតកម្មសាន់ដេ ដោយសារអ្នកនិពន្ធ សុន រដ្ឋា៕

Share.