ភ្នំពេញ÷បុរសម្នាក់បានបាត់បង់អាយុជីវិត ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយបើម៉ូតូទៅបុកគូទរថយន្ដកុងតឺនឺ បត់ចូលផែស្ងួត នៅតាមបណ្ដោយវិថីចោមចៅ នៅវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្ដោយវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូហុងដាខ្លីកមួយគ្រឿង ពណ៍សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1HS-0827 ធ្វើដំណើរតាមបណ្ដោយវិថីចោមចៅក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគូទកុងតឺន័រមួយគ្រឿងបើកបរដោយបុរសម្នាក់មិនចាំស្លាកលេខ ដែលបត់ចូលផែស្ងួតសូងួន បណ្ដាលអោយម៉ូតូដួលបោកនឹងថ្នល់រងការខូចខាតបន្ទិចបន្ទួច ឯអ្នកបើកបរបានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ដោយឃើញសភាពមិនស្រួលអ្នកបើកបរបានបើករថយន្ដចូលផែស្ងួតសូងួនបាត់ស្រមោល។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង នាំយករថយន្ដនឹងម៉ូតូយកទៅរក្សាទុកដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែលសពជនរងគ្រោះបានដឹកយកទៅដំកល់ទុក រង់ចាំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕



អត្ថបទ៖តាតុងសែនជ័យ

