កណ្តាល ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ សឹងដាច់កធ្លាក់ពីលើដងខ្លួន ខណៈដែលមិនបានឆ្លើយតបជាមួយជនសង្ស័យ ធ្វើឲ្យជនសង្ស័យខឹងកាប់មួយដាវ ហើយរត់ទៅផ្ទះលោកមេភូមិ សារភាពនូវទង្វើររបស់ខ្លួន សមត្ថកិច្ចចាប់ខ្លួនតែម្តង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមុខបន្ទប់ជួលជនរងគ្រោះក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ រឿន ណាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះ ឈ្មោះ ឡុង ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះអង្គុយមុខបន្ទប់ជួល រវល់លេងទូរស័ព្ទ ស្រាប់តែជនសង្ស័យដើរទៅ សួររកឈ្មោះ មាក់ ត្រូវជាមិត្តភ័ក្ររបស់ជនរងគ្រោះ តែជនរងគ្រោះមិនឆ្លើយតប ធ្វើឲ្យជនសង្ស័យខឹងកាប់មួយដាវចំកញ្ចឹងក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯជនសង្ស័យក្រោយធ្វើសកម្មភាព រត់គេចយកដាវទៅលាក់នៅខាងកើតភូមិ រួចទៅផ្ទះមេភូមិ សារភាពរាល់ទង្វើររបស់ខ្លួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរពិតប្រាកដមែន ដោយសារកន្លងមកជនរងគ្រោះធ្លាប់បានមើលងាយនិងញុះញង់ឲ្យអ្នកជិកខាងនិងបងប្អូនរបស់ខ្លួនឈ្លោះគ្នា ទើបមានគំនុំទៅលើជនរងគ្រោះ ៕


អត្ថបទ៖តាតុងសែនជ័យ

