ជាដំណឹងប្រកបដោយក្ដីរីករាយណាស់សម្រាប់ក្រុមអ្នកស្រលាញ់កីឡាប្រពៃណីប្រណាំងទូក ទាំងទូកខ្នាតអន្តរជាតិ ទូកង និងទូកចែវ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថាសម្រាប់ឆ្នាំ២០២៣នេះ ពិធីបុណ្យធំៗពីរនឹងត្រូវប្រារព្ធឡើងយ៉ាងឱឡារិក ក្នុងនោះរួមមានពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអុំបុក។

សម្ដេចបានមានប្រសាសន៍ថា«បុណ្យធំៗនៅចុងឆ្នាំនេះ​នឹងមានពីរ! ទីមួយបុណ្យឯករាជ្យជាតិ ខួបលើកទី៧០ឆ្នាំ ត្រូវតែធ្វើធំ! ទីពីរ បុណ្យអុំទូកត្រូវតែធ្វើធំ ព្រោះយើងខានធ្វើ ហើយឆ្នាំទៅយើងមានបានធ្វើឯណា! ដោយសារជាប់ប្រជុំអាស៊ាន រហូតមនុស្សមួយចំនួនគេថារាជរដ្ឋាភិបាលខ្វះលុយ អត់ទេ ពេលនោះគឺប្រជុំអាស៊ាន ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមកចូលរួមច្រើនណាស់»។

សម្ដេចបានមានប្រសាសន៍ឱ្យឥស្សរជន និងប្រជាជននិយមលេងទូក ត្រៀមលក្ខណៈ ហើយពីវេទិកាអធិតីនៃពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ខេត្តពោធិ៍សាត់ សម្ដេចបាននឹកឃើញដល់ទូកឈ្មោះ «រាំងទិល» របស់ឯកឧត្តម ស៊ុយ សែម។ សម្ដេចមានប្រសាសន៍ថាទូកនោះលឿន និងបន្ថែមថា«ប្រាប់ទូទាំងប្រទេសឱ្យហើយ ឆ្នាំនេះ គឺអុំទូកនៅភ្នំពេញ»។

បើតាមសម្ដេចតេជោ នៅឆ្នាំ២០២៣នេះ កម្ពុជាបានរៀនបចំព្រឹត្តិការណ៍ស៊ីហ្គេមក៏ធំ អាស៊ានប៉ារ៉ាហ្គេមក៏ធំ អង្គរសង្ក្រានក៏ធំ ហើយគ្រោងរៀបចំបុណ្យឯករាជ្យជាតិក៏ធំ និងព្រះរាជពិធីបុណ្យអុំទូកក៏ធំ។ ការថ្លែងរបស់សម្ដេចយ៉ាងដូច្នេះ បានធ្វើឱ្យអង្គពិធីទះដៃកងរំពង ហើយក៏ត្រូវបានអ្នកនិយមលេងទូកងផ្សេងៗយកដំណឺងនេះទៅចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង៕

Share.