សិល្បៈជាតិ៖ លោកអ្នកបានស្គាល់ហើយថា នារីសាច់សនិយមស្លៀកពាក់សិចស៊ីមកពីជប៉ុន និងជាតារាសម្ដែងថ្មីនៅក្នុងភាពយន្ត «KTV» គឺកញ្ញា Hinano Kurosaki តាមពិតទៅកញ្ញាគឺជាកូនស្រីបង្កើតរបស់ភរិយាម្នាក់ទៀតរបស់កវីនិពន្ធ អ៊ុំ ដរ៉ា នោះគឺលោកស្រី ញ៉ឹប ដាវី ក៏តារាចម្រៀងជើងចាស់បាត់មុខពីវិស័យសិល្បៈខ្មែរ។

បើកទម្លាយអាថ៌កំបាំងមកកាន់អ្នកសារព័ត៌មានត្រយង លោកស្រី ញ៉ឹប ដាវី បាននិយាយថា លោកស្រីបានផ្ដើមស្គាល់គ្នាជាមួយកវីនិពន្ធ អ៊ុំ ដរ៉ា នៅពេលដែលលោកស្រីបានទៅតេស្តសំឡេងច្រៀងនៅក្នុងស្ទូឌីយូរបស់កវីនិពន្ធរូបនេះ ហើយក៏បានបង្កាត់ភ្លើងស្នេហ៍ទាំងដែលដឹងថាលោកធ្លាប់មានគ្រួសាររួចមកហើយ។ ពេលនោះលោកស្រី និងកវីនិពន្ធរូបនេះ បានរួមស្នាដៃជាមួយគ្នាផលិតបទចម្រៀងពីរោះៗប្រមាណ ៤០-៥០ បទ និងមានតំណក់ឈាមរួមគ្នាមួយ គឺជាកូនស្រីដ៏ស្រស់ស្អាតម្នាក់ កញ្ញា Hinano Kurosaki។

លោកស្រី ញឹប ដាវី 
កវីនិពន្ធ អ៊ុំ ដរ៉ា
លោកស្រីបានបន្តថា ចុងទសវត្សរ៍ ៨០ លោកស្រី និងកូនស្រីបានផ្លាស់ទៅរស់នៅប្រទេសថៃ និងបានបែកឆ្ងាយពីលោកកវីនិពន្ធ អ៊ុំ ដរ៉ា នោះក៏ដោយសារតែលោកត្រូវបានអ្នកគ្រប់គ្រងកន្លែងធ្វើការផលិតបទចម្រៀងមួយរៀបចំឱ្យលោកមានគ្រួសារថ្មី។ លោកស្រីថា រស់នៅប្រទេសថៃបាន ៣ ឆ្នាំ លោកស្រីក៏បានចាកចេញពីប្រទេសថៃ ហើយនាំកូនស្រីទៅរស់នៅប្រទេសជប៉ុន ដើម្បីបន្តការសិក្សា។ ក្រោយមកលោកស្រីក៏មានស្វាមីម្នាក់ទៀតគឺជាជនជាតិជប៉ុន។
យ៉ាងណាមិញ កញ្ញា Hinano Kurosaki ត្រូវជាបងប្អូនរួមឪពុកជាមួយនឹងលោក អ៊ួ តារា និងកញ្ញា សំ ថារ័ត្ន ដែលពួកគេសុទ្ធតែជាតំណក់ឈាមរបស់កវីនិពន្ធ អ៊ុំ ដរ៉ា ហើយអ្នកគេទាំង៣នាក់បានមករួមគ្នាសម្ដែងនៅក្នុងភាពយន្តរឿង «KTV» ។

សូមជម្រាបថា កញ្ញា Hinano Kurosaki មានវ័យ ៤០ ឆ្នាំហើយ ប៉ុន្តែសម្រស់នៅតែស្អាតក្មេងជាងវ័យ។ កញ្ញាគឺជា Influencer ល្បីម្នាក់នៅលើបណ្ដាញសង្គមដែលតែងបង្ហាញមហាជនអ្នកគាំទ្រពីរបៀបជ្រើសរើសគ្រឿងអលង្ការស្អាតឱ្យសមរាងកាយ រួមទាំងការហាត់ប្រាណថែរក្សាសុខភាពឱ្យមានរាងស្អាតផងដែរ។ ចូលមកប្រឡូកក្នុងវិស័យភាពយន្តខ្មែរនេះ កញ្ញាមានមហិច្ឆតាចង់ឱ្យខ្លួនកាន់តែមានកេរ្ដ៍ល្បីរន្ទឺឱ្យដូចជាលោកឪពុកជាកវីនិពន្ធ និងអ្នកម្ដាយជាតារាចម្រៀងជើងចាស់មួយរូប៕


