គណនីហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សាលើគូប្រជែងនយោបាយរបស់លោកនៅលើបណ្ដាញសង្គម Facebook ដោយជំរុញឲ្យក្រុមប្រឹក្សាត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តល់អនុសាសន៍ឲ្យផ្អាកគណនី Facebook និង Instagram របស់លោកជាបន្ទាន់រយៈពេល៦ខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ទាក់ទិននឹងបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ដែលមានអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុក ១៤លាននាក់ បានប្ដេជ្ញាកាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះថា ឈប់បង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់លោកប៉ុន្មានថ្ងៃមុនពេលចាប់ផ្ដើមយុទ្ធនាការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងដកវីដេអូមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យរបស់ខ្លួន ដែលបាននិយាយថា «វីដេអូនេះមានសេចក្តីថ្លែងការណ៍មិនច្បាស់លាស់នៃចេតនាប្រព្រឹត្តអំពើហឹង្សា ប្រឆាំងនឹងគូប្រជែងនយោបាយរបស់លោក»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមហ៊ុន Facebook ថា តើគោលនយោបាយ Facebook មានបានពិនិត្យមើលក្រុមប្រឆាំងប្រមាថសម្តេច ភរិយា និងកូនសម្តេចដែរទេ?

សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានទៅក្រុមហ៊ុនហ្វេសប៊ុកថា ជាន់កសម្តេចប្រយ័ត្នលៀនអណ្តាតខ្លួនឯង។ សម្តេច ក៏បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេស មកនិយាយហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើលើសម្តេច។
យ៉ាងណាម៉ិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើទោះបីជាសម្ដេចលុបចោល ឬ មិនបន្ដលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដោយ ក៏សម្ដេចនៅតែរក្សាបានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមដទៃទៀតដូចជា Telegram និង TikTok ជាដើម។ ទន្ទឹមនោះ សម្ដេចក៏បានប្រៀបធៀបប្រព័ន្ធបណ្ដាញសង្គមទាំង២ថា កម្មវិធី Telegram គឺមានប្រសិទ្ធភាពជាងកម្មវិធី Facebook។

បច្ចុប្បន្ន Channel Telegram របស់សម្ដេចតេជោ មានអ្នកតាមដានជាង ៨៦០,០០០នាក់ ហើយបានបង្កើនសកម្មភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបង្ហោះរូបភាព និង សារនយោបាយមួយចំនួន។
កាលពីខែ មករា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានក្រុមអ្នកប្រឆាំងថា ពួកគេនឹងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ ឬ ការវាយដំដោយដំបង ប្រសិនបើពួកគេចោទគណបក្សប្រជាជនថា លួចសន្លឹកឆ្នោតក្នុងការបោះឆ្នោតជាតិនៅខែកក្កដា។ ការព្រមាននេះហើយជា កត្តាសំខាន់ដែល Meta និងក្រុមប្រឹក្សាត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម បានផ្ដល់អនុសាសន៍ឲ្យផ្អាកការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចរយៈពេល ៦ខែ នោះ៕

