រដ្ឋាភិបាលនៃប្រទេសម៉ិកស៉ិកបាននិយាយថា មនុស្សជាង ១០០នាក់ បានស្លាប់ដោយសាររលកកម្ដៅដ៏ក្ដៅនៅក្នុងប្រទេសម៉ិកស៊ិកក្នុងខែមិថុនា បន្ទាប់ពីរលកកម្ដៅបានវាយប្រហារជាបន្តបន្ទាប់នៅក្នុងប្រទេសអាមេរិកឡាទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

អ្នកវិទ្យាសាស្ត្របាននិយាយថា ការឡើងកម្ដៅផែនដីកំពុងធ្វើឲ្យអាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយប្រទេសជាច្រើនបានជួបប្រទះនូវសីតុណ្ហភាពខ្ពស់បំផុត។

ភាពអាសន្នទាក់ទងនឹងរលកកម្ដៅជាង ១,០០០ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសម៉ិកស៊ិក ចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែមិថុនា ដែលក្នុងនោះមនុស្ស ១០៤នាក់ បានស្លាប់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមិថុនា។

អាជ្ញាធរបានរាយការណ៍ថា នៅចន្លោះថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី៣១ ខែឧសភា មានអ្នកស្លាប់ដោយសាររលកកម្ដៅចំនួន ៨នាក់រួចហើយ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១១២នាក់។

​បើ​តាម​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ចម្បង​ដែលបណ្ដាលឲ្យមានអ្នកស្លាប់ គឺ​ជំងឺ​ដាច់​សរសៃ​ឈាម និង​បន្ទាប់​មក​ដោយ​ការ​ខ្សោះ​ជាតិ​ទឹក​។

តំបន់ភាគខាងជើងនៃប្រទេសម៉ិកស៊ិក បានរាយការណ៍ថា មានអ្នកស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់ចំនួន ៦៤នាក់ ត្រូវបានកត់ត្រានៅក្នុងរដ្ឋភាគឦសាននៃរដ្ឋ Nuevo Leon និង ១៩នាក់ទៀតនៅរដ្ឋ Tamaulipas ដែលនៅជិតខាងជាប់ព្រំដែនរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក ដែលរងការវាយប្រហារដោយរលកកម្ដៅដ៏ខ្លាំងក្លាផងដែរ។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា នៅប្រទេស​ម៉ិកស៊ិក សីតុណ្ហភាព​អតិបរិមា​ ៤៩​អង្សាសេ ​ត្រូវ​បាន​កត់ត្រា​ក្នុង​សប្តាហ៍​នេះ​នៅ​រដ្ឋ​សូណូរ៉ា​ ភាគ​ពាយ័ព្យ។

សីតុណ្ហភាពអតិបរិមាជាមធ្យម នៅម៉ិកស៊ិកក្នុងកំឡុងរដូវក្តៅប្រែប្រួលចន្លោះពី ៣០ ទៅ ៤៥ អង្សាសេ។

អាជ្ញាធរបានព្រមានថា រលកកម្តៅមួយផ្សេងទៀតអាចប៉ះពាល់ដល់ប្រទេសដែលមានប្រជាជនចំនួន ១២៧លាននាក់ ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។

សូមជម្រាបថា កាលពីខែឧសភា អង្គការសហប្រជាជាតិបានព្រមានថា វាជិតនឹងប្រាកដហើយថាឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នឹងក្លាយជារយៈពេល ៥ឆ្នាំ ដ៏ក្តៅបំផុតដែលមិនធ្លាប់មាន ដែលបានកត់ត្រាទុក ដោយសារតែឧស្ម័នផ្ទះកញ្ចក់ និងព្យុះ El Nino រួមបញ្ចូលគ្នាដើម្បីធ្វើឲ្យសីតុណ្ហភាពកាន់តែកើនឡើង៕

ប្រភព៖ CNA

Share.