សិល្បៈអន្តរជាតិ៖ យោងតាមបណ្ដាញសារព័ត៌មាន Daily Mail ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ តារាសម្តែងល្បីឈ្មោះតួឯកប្រុសក្នុងរឿង «Titanic» លោក Leonardo Dicaprio និងកំពូលមហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានចូលរួមបរិច្ចាគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីការពារនិងអភិរក្សតំបន់ព្រៃ Amazon។

នៅក្នុងសេចក្ដីរាយការណ៍ព័ត៌មានឲ្យដឹងទៀតថា អង្គការមិនរកប្រាក់ចំណេញពីរគឺ DiCaprio’s Re:Wild conservation របស់តារាប្រុស Leonardo DiCaprio និង Bezos’s Nature Solutions របស់កំពូលមហាសេដ្ឋី Jeff Bezos បានបរិច្ចាគប្រាក់ ២០០លានដុល្លារទៅក្នុងមូលនិធី «Protect Our Planet (POP) Challenge» ដែលមានគោលដៅយកប្រាក់នោះ ទៅការពារព្រៃ Amazon ខណៈការបរិច្ចាគប្រាក់ទាំងនេះ នឹងគាំទ្រដល់ការពង្រីក និងការគ្រប់គ្រងតំបន់ការពាររបស់ប្រទេសប្រេស៊ីល និងទឹកដីជនជាតិដើមភាគតិច។

នៅក្នុងសេចក្តីថ្លែងការណ៍ចេញដោយតារាប្រុស Leonardo បាននិយាយថា «យើងត្រូវបានបំផុសគំនិតដោយគោលដៅដ៏ធំ និងមានមហិច្ឆតារបស់ប្រទេសប្រេស៊ីល សម្រាប់ការការពារ Amazon ដែលជាកន្លែងដ៏សំខាន់បំផុតមួយសម្រាប់សត្វព្រៃនៅលើភពផែនដី»។ លើសពីនេះ លោកមានការរំភើបចិត្ត ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីចូលរួមការពារព្រៃ Amazon។

Leonardo DiCaprio គឺជាតារាសម្ដែងហូលីវូដដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពបំផុតមួយរូប ក្រោយលោកបានសម្ដែងតួអង្គ Jack ក្នុងភាពយន្តសោកនាដកម្មស្នេហាជាអមតៈ «Titanic» របស់អ្នកដឹកនាំ James Cameron កាលពីឆ្នាំ ១៩៩៥៕

Share.