សៀមរាប ៖ បុរសម្នាក់បានស្លាប់បាត់ជីវិតភ្លាមៗ ចំណែកមនុស្ស៩នាក់ទៀត មានស្រី៤នាក់ រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តRIVOបើកលឿនមិនប្រកាន់ស្តាំ ជ្រុលទៅបុករថយន្តកាមរីបាឡែន ច្រាសទិស ហើយបន្តទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ជិះច្រាសទិសគ្នាដែរនោះ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦ គីឡូម៉ែត្រលេខ៣៦៥-៣៦៦ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកRIVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-0431 ជិះគ្នា៤នាក់ បើកល្បឿនលឿនពីកើតទៅលិច មិនប្រកាន់ស្តាំ ដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0504 ជិះគ្នា៥នាក់ បើកពីលិចទៅកើតច្រាសទិសគ្នា រួចរថយន្តបង្កបន្តទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-4400 ជិះដោយជនរងគ្រោះ កំពុងដឹកស្មៅគោ ច្រាសទិស រុញរេចង្កូតធ្លាក់ចូលព្រៃ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យស្លាប់បុរសម្នាក់ អាយុ២០ឆ្នាំ រស់នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ក្បែរកន្លែងកើតហេតុ ចំណែកមនុស្ស៩នាក់ ស្រី៤នាក់ រងរបួសស្រាល រថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿងរងខូចខាត ។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត២គ្រឿង ម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុមនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


អត្ថបទ៖តាតុងសែនជ័យ

