គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយជាបន្តបន្ទាប់នូវសេចក្ដីប្រកាសព័ត៌មានស្ដីអំពីស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ តាមរយៈសេចក្ដីប្រកាសនោះ គ.ជ.ប បានបង្ហាញការកត់សម្គាល់អំពីសកម្មភាពយុទ្ធនាការឃោសនារបស់បណ្ដាគណបក្សនយោបាយនានា ក្នុងនោះ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣​ គណបក្សប្រជាជនកម្ពុជា បានធ្វើយុទ្ធនាការទ្រង់ទ្រាយធំជាងគេ។

សម្រាប់ថ្ងៃឃោសនាដំបូង គ.ជ.ប បានគូសបញ្ជាក់ថាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមកាលកំណត់ និងតាមរូបភាពផ្សេងៗគ្នាដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការសម្ដែងសិល្បៈ ការហែក្បួនឃោសនា ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស ការចល័តតាមភូមិ និងការចែកខិត្តបណ្ណជាដើម។ គ.ជ.ប បន្ថែមថា«គណបក្សប្រជាជនកម្ពុជាបានធ្វើសកម្មភាពហែក្បួនឃោសនាទ្រង់ទ្រាយធំគ្រប់មណ្ឌលបោះឆ្នោតទាំងអស់»។

នៅពេលដែលគណបក្សកាន់អំណាចបញ្ចេញសកម្មភាពគគ្រឹកគគ្រេងគ្រប់មណ្ឌលបោះឆ្នោត នៅថ្ងៃទី១ ខែកក្កដានោះដែរ គណបក្សនយោបាយមួយចំនួនទៀត ដូចជាគណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សឯកភាពជាតិខ្មែរ ក៏បានធ្វើសកម្មភាពហែរក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនដែលខ្លួនឈរឈ្មោះផងដែរ។ គ.ជ.ប បានសន្និដ្ឋានយុទ្ធនាការថ្ងៃដំបូងនោះថា«បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ…»។

ដោយឡែកនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានបន្តវាយតម្លៃជាវិជ្ចមាន និងបានទាញការកត់សម្គាល់អំពីកំណើនគណបក្សនយោបាយធ្វើសកម្មភាពច្រើនជាងថ្ងៃទីមួយ។ ជាក់ស្ដែងគណបក្សហ្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជាបានធ្វើសកម្មភាពហែក្បួនឃោសនាឃោសនានៅរាជធានីភ្នំពេញ ខណៈគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យហែរក្បួនឃោសនាច្រើននៅតាមបណ្ដាខេត្ត។

សូមបញ្ជាក់ថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ថ្ងៃទី២២ គឺជាថ្ងៃ ស ដែលគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងៀង ខណៈថ្ងៃបន្ទាប់ គឺថ្ងៃទី២៣ ខែកក្កដា គឺជាថ្ងៃបោះឆ្នោត។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ ក្រៅពីយុទ្ធនាការឃោសនានៅតាមទីតាំងសាធារណៈ គណបក្សនយោបាយទាំងអស់ ក៏បានបង្កើនសកម្មភាពផ្សព្វផ្សាយ និងឃោសនាកម្មវិធីនយោបាយ៕

Share.