មន្ត្រីឧតុនិយមជប៉ុន កំពុងអំពាវនាវឲ្យប្រជាជននៅតំបន់ Kyushu ភាគខាងត្បូងប្រទេសជប៉ុន មានការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់ ដោយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុកតំបន់នេះកាលពីចុងសប្តាហ៍ ដែលគ្រោងនឹងបន្តកើនឡើងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣។

មន្ត្រីអាកាសធាតុបាននិយាយថា ផ្នែកខាងមុខត្រូវបានគេរំពឹងថានឹងនៅតែមាននៅជុំវិញតំបន់ Kyushu ដោយនាំមកនូវភ្លៀងច្រើនជាង ៥០មីលីម៉ែត្រក្នុង ១ម៉ោង។

យោងតាមសារព័ត៌មាន NHK បានឲ្យដឹងថា ភ្លៀងធ្លាក់រហូតដល់ ៦៥មីលីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេល ១ម៉ោងនៅក្នុងខេត្ត Oita កាលពីព្រឹក ថ្ងៃចន្ទនេះ។

ប្រជាជន​ត្រូវ​បាន​គេជូនដំណឹងឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បាក់​ដី ទឹកជំនន់​នៅ​តំបន់​ទំនាប ទន្លេ​ហៀរប្រៀបច្រាំង រន្ទះ និង​ខ្យល់​កន្ត្រាក់។ ពួកគេនិយាយថា នៅតំបន់ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ហានិភ័យនៃការរអិលបាក់ដី និងគ្រោះមហន្តរាយផ្សេងៗអាចនឹងកើនឡើង ខណៈដីទន់ដោយសារភ្លៀងធ្លាក់ខ្លាំង។

ដោយឡែក កម្ដៅឡើងខ្លាំងនៅភាគខាងលិច ភាគខាងជើងប្រទេសជប៉ុន បានវាយប្រហារប្រទេសនេះមិនចាញ់ភាគខាងត្បូងដែលកំពុងរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងនោះទេ។

បើតាមសារព័ត៌មាន NHK រាយការណ៍ថា សីតុណ្ហភាពបានកើនឡើងនៅកន្លែងជាច្រើន ពីភាគខាងលិច ទៅភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ហើយកម្ដៅដ៏ក្តៅនេះត្រូវបានគេរំពឹងថា នឹងបន្តនៅក្នុងតំបន់មួយចំនួនរួមមានតំបន់ Kinki និង Tokai នៅថ្ងៃចន្ទ សប្ដាហ៍នេះ។

សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣៥អង្សាសេ នៅក្នុងទីក្រុងNara, Gifu, Nagoya និង ទីក្រុង Kofu ហើយនៅកណ្តាលទីក្រុងតូក្យូ នឹងជួបប្រទះសីតុណ្ហភាព ៣២អង្សាសេនៅថ្ងៃចន្ទ ដូចគ្នា។

យោងតាម ​​NHK សីតុណ្ហភាពខ្ពស់នៅពេលរសៀល នាថ្ងៃអាទិត្យបានឡើងដល់ ៣៥.៣អង្សាសេ នៅទីក្រុងតូយ៉ូតា ដោយក្នុងខេត្ត Aichi មានសីតុណ្ហភាព ៣៥.១អង្សាសេ នៅទីក្រុង Shimanto ក្នុងខេត្ត Kochi និងនៅកណ្តាលទីក្រុងតូក្យូមានសីតុណ្ហភាព ៣១.៧អង្សាសេ។

ទាក់ទិននឹងបញ្ហានេះ ទូរទស្សន៍ជាតិបានរាយការណ៍ថា សីតុណ្ហភាពខ្ពស់ក៏អាចបណ្តាលឲ្យមានបរិយាកាសមិនស្ថិតស្ថេរ ហើយមន្ត្រីជំនាញកំពុងជំរុញឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

ប្រភព៖ CNA

Share.