ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូទៅបង់ភ្លើង បានពាក់កណ្តាលផ្លូវត្រូវបានជនសង្ស័យជិះម៉ូតូតាមពីក្រោយ ធ្វើសកម្មភាពឆក់យកកាបូបលុយក្រវ៉ាត់នៅចង្កេះទៅបាត់ដោយសុវត្តិភាព អស់ជាង១លានរៀល វិក័យប័ត្រភ្លើង ឯកសារមួយចំនួន និងទូរស័ព្ទមួយគ្រឿង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា ឆ្លៀតពីការងារលក់ដូរ គាត់ជិះម៉ូតូចេញពីផ្ទះនៅភូមិតាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល ឆ្ពោះទៅបង់ថ្លៃភ្លើងនៅ សាខាអូរដឹម សង្កាត់ចោមចៅទី៣ ខណៈដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង តាមពីក្រោយ មកធ្វើសកម្មភាពឆក់ផ្តាច់យកកាបូបក្រវ៉ាត់ចង្កេះទៅបាត់ ក្នុងកាបូបមានលុយជាង១លានរៀល សម្រាប់បង់ភ្លើង វិក័យប័ត្រភ្លើង ឯកសារមួយចំនួន ទូរស័ព្ទដៃមួយគ្រឿង ។

ក្រោយកើតហេតុជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយស្រាវជ្រាវ ចាប់មុខសញ្ញាឆក់ខាងលើ ៕
អត្ថបទ៖តាតុងសែនជ័យ

